Developed by Khmer Focus

Pak Lay Hydropower

ព័ត៌មានសង្ខេបអំពីសំណើគម្រោងវារីអគ្គិសនី ប៉ាក់ ឡាយ (Pak Lay) របស់ឡាវ នៅលើទន្លេមេ នៃទន្លេមេគង្គ និងដំណើរការពិគ្រោះយោបល់ជាមុន។

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានជូនដំណឹងដល់​ប្រទេសជា​សមាជិក រួមមាន៖ កម្ពុជា ថៃ និងវៀតណាម ដើម្បីជ្រាប អំពីសំណើគម្រោងវារីអគ្គិសនី ប៉ាក់ ឡាយ (Pak Lay) នៅលើទន្លេមេនៃទន្លេមេគង្គ ដែល​​បាន​ដាក់​ជូនជាផ្លូវការ​ដោយ​រដ្ឋាភិបាលឡាវ​សម្រាប់ដំណើរការពិគ្រោះយោបល់​ជាមុន ស្របតាមនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ ស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA)។

គម្រោងវារីអគ្គីសនីប៉ាក់ឡាយ ស្ថិតនៅក្នុងស្រុក​ប៉ាក់ឡាយនៃខេត្តសាយ៉ាបូរី របស់ប្រទេសឡាវ។ គម្រោងនេះ ​ជា​គម្រោង​វារីអគ្គីសនីទី៤ ​របស់ប្រទេសឡាវ ដែលស្ថិតនៅលើ​ទន្លេមេនៃទន្លេមេគង្គ បន្ទាប់ពី​គម្រោង​វារី​អគ្គិសនី​សាយ៉ាប៉ូរី ដនសាហុង និងប៉ាក់បេង ដែលបានដាក់ឆ្លងការពិគ្រោះយោបល់ជាមុន(Prior Consultation) រួច​ហើយ ។

គម្រោងវារីអគ្គិសនីប៉ាក់ឡាយ៖

  • មានចម្ងាយប្រមាណ 1130km ពីព្រំដែនឡាវ-កម្ពុជា  ស្ថិតនៅខាងលើទីក្រុងវៀងច័ន្ទ ​ចម្ងាយ  241km និងខាងក្រោមទំនប់វារីអគ្គិសនីសាយ៉ាប៉ូរី ចម្ងាយប្រមាណ 130km។
  • នឹងត្រូវបំពាក់តួប៊ីនចំនួន​14 ​ដែលតួប៊ីននីមួយៗ មានសមត្ថភាព​ផលិត​ថាមពលបាន 55​MW ដែល ផលិតថាមពលសរុបចំនួន 770MW ។
  • រចនាបទគំនូសប្លង់បង្ហាញថា ទំនប់មានកំពស់ 51m ប្រវែង ​931m  កំពស់​ទឹក​នៅ​ផ្នែក​ខាង​លើ​ទំនប់​មាន 240masl ធៀប​នឹង​នីវ៉ូសមុទ្រ មានផ្ទៃអាង​ 278.400km2 និងមានកន្លែង​នាវា ចរណ៍ឆ្លងកាត់ (navigation locks) ដែលអាចផ្ទុកបានចំណុះ​ 500t ផ្លូវ​បង្ហៀរ​ទឹក​​ដោយ​ស្វ័យ​ប្រវត្តិ ​(spillway) មានជណ្តើរត្រីឆ្លងកាត់ ​(fish passage)  និងផ្ទះ​ដាក់​តួប៊ីន ​(powerhouse)។
  • ការសិក្សាពីបុរេសមិទ្ធិរបស់គម្រោង (Feasibility Study) បានធ្វើនៅឆ្នាំ​ 2007 ដោយក្រុមហ៊ុនប្រទេស​ចិន Hydrochina Zhongnan Engineering Corporation ​និងវិនិយោគដោយក្រុមហ៊ុន  POWERCHINA RESOURCES​ LIMITED។
  • គ្រោងប្រើថវិកាសម្រាប់សាងសង់សរុប 1923,6 លាន​ដុល្លារអាមេរិក។  
  • គម្រោងវារីអគ្គិសនីប៉ាក់ឡាយ គ្រោងនឹង​ចាប់​ផ្តើមសាងសង់នៅឆ្នាំ 2022 និងបញ្ចប់នៅឆ្នាំ 2029 ។   
  • ថាមពលផលិតបាន នឹងផ្គត់ផ្គង់តម្រូវការក្នុងស្រុកតិចតួច និងក្រៅពីនេះលក់ឲ្យទៅប្រទេសថៃ។

បន្ទាប់ពីបានពិនិត្យលើឯកសារគម្រោងរយៈពេល 1ខែរួចមក លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀប ចំបញ្ជូនឯកសារគម្រោងជាផ្លូវការមកប្រទេសជាសមាជិក សម្រាប់ដំណើរការពិគ្រោះយោបល់ជាមុន ដែលមាន រយៈពេល 6ខែ ដោយគិតចាប់តាំងពីថ្ងៃនៃការទទួលបានឯកសារដោយប្រទេសជាសមាជិកណាមួយចុង ក្រោយគេ។

សម្រាប់រយៈពេល 6ខែនៃការពិគ្រោះយោបល់នេះ នឹងមានការបង្កើតនូវយន្តការ និងកិច្ចប្រជុំពិគ្រោះយោបល់ លើសំណើគម្រោង​ទាំង​នៅថ្នាក់តំបន់ និងនៅថ្នាក់ជាតិ ព្រមទាំងការចុះទៅពិនិត្យទីតាំងនៃគម្រោងផងដែរ។

សម្រាប់កម្ពុជា មានក្រុមការងារអន្តរក្រសួង ដើម្បីជួយដល់​ដំណើរ​ការវាយតម្លៃ​និងការពិគ្រោះយោបល់​នៅថ្នាក់​ជាតិ។ នៅថ្នាក់តំបន់ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំក្រុមការងារបច្ចេកទេស ដោយមាន ជំនាញការអន្តរជាតិមួយចំនួន ដើម្បីជួយដល់ដំណើរការពិគ្រោះយោបល់ជាមុន និងការរៀបចំរបាយការណ៌ ពិនិត្យ​​ឡើងវិញផ្នែកបច្ចេកទេសនៃការពិគ្រោះយោបល់ជាមុនរបស់គណៈកម្មការទន្លេមេគង្គ (MRC Prior Consultation Technical Review Report)។

នៅចុងបញ្ចប់នៃដំណើរការពិគ្រោះយោបល់ជាមុន ប្រទេសជាសមាជិក ​នឹងត្រូវផ្ញើជាផ្លូវការ​នូវ​ទម្រង់ឆ្លើយ​តប​របស់ខ្លួនលើសំណើរគម្រោងវារីអគ្គិសនីប៉ាក់ឡាយនេះ ទៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។​

ឯកសារពាក់ព័ន្ធរបស់គម្រោងប៉ាក់ឡាយ  មានជូនភ្ជាប់ជាមួយ។