កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការរៀបចំគម្រោងបន្ស៊ាំឆ្លងដែន (ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២)
ហូជីមិញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) បានដំណើរការកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការរៀបចំគម្រោងបន្ស៊ាំឆ្លងដែន (Development of Transboundary Adaptation Projects) ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សាដោយលោកស្រី Nguyen Hong Phuong អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម (VNMC)។ សមាជិកចូលរួមកិច្ចប្រជុំ រួមមាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRCS និងអ្នកជំនាញការអន្តរជាតិផ្នែកការប្រែប្រួលអាកាសធាតុ។ ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងបរិស្ថាន។
គោលបំណងចំបងនៃកិច្ចប្រជុំគឺ៖ (១) ផ្តល់សញ្ញាណទូទៅ និងរាយការណ៍អំពីស្ថានភាព និងកិច្ចការបន្ត នៃសំណើគម្រោងចំពោះមូលនិធិអាកាសធាតុបៃតង (GCF)៖ ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតចម្រុះ និងប្រព័ន្ធជូនដំណឹងជាមុន សម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គក្រោម (២) ផ្តល់សញ្ញាណទូទៅ និងរាយការណ៍អំពីគម្រោងបន្ស៊ាំថ្មីក្នុងតំបន់ដីសណ្តរមេគង្គ៖ ការកសាងភស្តុតាងជាមូលដ្ឋានសម្រាប់សំណើយុទ្ធសាស្រ្តបន្ស៊ាំ និងការស្នើឡើងនូវឯកសារទស្សនទាននៃគម្រោង (៣) ពិភាក្សា និងប្រមូលមតិយោបល់ស្តីពី គម្រោងដីសណ្តរមេគង្គ និង (៤) ពិភាក្សា និងឯកភាពលើកិច្ចការបន្ត ដើម្បីអនុវត្តន៍សកម្មភាពនៃការរៀបចំគម្រោងបន្ស៊ាំធាតុឆ្លងដែន៕