Pak Lay Hydropower
ព័ត៌មានសង្ខេបអំពីសំណើគម្រោងវារីអគ្គិសនី ប៉ាក់ ឡាយ (Pak Lay) របស់ឡាវ នៅលើទន្លេមេ នៃទន្លេមេគង្គ និងដំណើរការពិគ្រោះយោបល់ជាមុន។
នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានជូនដំណឹងដល់ប្រទេសជាសមាជិក រួមមាន៖ កម្ពុជា ថៃ និងវៀតណាម ដើម្បីជ្រាប អំពីសំណើគម្រោងវារីអគ្គិសនី ប៉ាក់ ឡាយ (Pak Lay) នៅលើទន្លេមេនៃទន្លេមេគង្គ ដែលបានដាក់ជូនជាផ្លូវការដោយរដ្ឋាភិបាលឡាវសម្រាប់ដំណើរការពិគ្រោះយោបល់ជាមុន ស្របតាមនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ ស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA)។
គម្រោងវារីអគ្គីសនីប៉ាក់ឡាយ ស្ថិតនៅក្នុងស្រុកប៉ាក់ឡាយនៃខេត្តសាយ៉ាបូរី របស់ប្រទេសឡាវ។ គម្រោងនេះ ជាគម្រោងវារីអគ្គីសនីទី៤ របស់ប្រទេសឡាវ ដែលស្ថិតនៅលើទន្លេមេនៃទន្លេមេគង្គ បន្ទាប់ពីគម្រោងវារីអគ្គិសនីសាយ៉ាប៉ូរី ដនសាហុង និងប៉ាក់បេង ដែលបានដាក់ឆ្លងការពិគ្រោះយោបល់ជាមុន(Prior Consultation) រួចហើយ ។
គម្រោងវារីអគ្គិសនីប៉ាក់ឡាយ៖
- មានចម្ងាយប្រមាណ 1130km ពីព្រំដែនឡាវ-កម្ពុជា ស្ថិតនៅខាងលើទីក្រុងវៀងច័ន្ទ ចម្ងាយ 241km និងខាងក្រោមទំនប់វារីអគ្គិសនីសាយ៉ាប៉ូរី ចម្ងាយប្រមាណ 130km។
- នឹងត្រូវបំពាក់តួប៊ីនចំនួន14 ដែលតួប៊ីននីមួយៗ មានសមត្ថភាពផលិតថាមពលបាន 55MW ដែល ផលិតថាមពលសរុបចំនួន 770MW ។
- រចនាបទគំនូសប្លង់បង្ហាញថា ទំនប់មានកំពស់ 51m ប្រវែង 931m កំពស់ទឹកនៅផ្នែកខាងលើទំនប់មាន 240masl ធៀបនឹងនីវ៉ូសមុទ្រ មានផ្ទៃអាង 278.400km2 និងមានកន្លែងនាវា ចរណ៍ឆ្លងកាត់ (navigation locks) ដែលអាចផ្ទុកបានចំណុះ 500t ផ្លូវបង្ហៀរទឹកដោយស្វ័យប្រវត្តិ (spillway) មានជណ្តើរត្រីឆ្លងកាត់ (fish passage) និងផ្ទះដាក់តួប៊ីន (powerhouse)។
- ការសិក្សាពីបុរេសមិទ្ធិរបស់គម្រោង (Feasibility Study) បានធ្វើនៅឆ្នាំ 2007 ដោយក្រុមហ៊ុនប្រទេសចិន Hydrochina Zhongnan Engineering Corporation និងវិនិយោគដោយក្រុមហ៊ុន POWERCHINA RESOURCES LIMITED។
- គ្រោងប្រើថវិកាសម្រាប់សាងសង់សរុប 1923,6 លានដុល្លារអាមេរិក។
- គម្រោងវារីអគ្គិសនីប៉ាក់ឡាយ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ 2022 និងបញ្ចប់នៅឆ្នាំ 2029 ។
- ថាមពលផលិតបាន នឹងផ្គត់ផ្គង់តម្រូវការក្នុងស្រុកតិចតួច និងក្រៅពីនេះលក់ឲ្យទៅប្រទេសថៃ។
បន្ទាប់ពីបានពិនិត្យលើឯកសារគម្រោងរយៈពេល 1ខែរួចមក លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀប ចំបញ្ជូនឯកសារគម្រោងជាផ្លូវការមកប្រទេសជាសមាជិក សម្រាប់ដំណើរការពិគ្រោះយោបល់ជាមុន ដែលមាន រយៈពេល 6ខែ ដោយគិតចាប់តាំងពីថ្ងៃនៃការទទួលបានឯកសារដោយប្រទេសជាសមាជិកណាមួយចុង ក្រោយគេ។
សម្រាប់រយៈពេល 6ខែនៃការពិគ្រោះយោបល់នេះ នឹងមានការបង្កើតនូវយន្តការ និងកិច្ចប្រជុំពិគ្រោះយោបល់ លើសំណើគម្រោងទាំងនៅថ្នាក់តំបន់ និងនៅថ្នាក់ជាតិ ព្រមទាំងការចុះទៅពិនិត្យទីតាំងនៃគម្រោងផងដែរ។
សម្រាប់កម្ពុជា មានក្រុមការងារអន្តរក្រសួង ដើម្បីជួយដល់ដំណើរការវាយតម្លៃនិងការពិគ្រោះយោបល់នៅថ្នាក់ជាតិ។ នៅថ្នាក់តំបន់ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំក្រុមការងារបច្ចេកទេស ដោយមាន ជំនាញការអន្តរជាតិមួយចំនួន ដើម្បីជួយដល់ដំណើរការពិគ្រោះយោបល់ជាមុន និងការរៀបចំរបាយការណ៌ ពិនិត្យឡើងវិញផ្នែកបច្ចេកទេសនៃការពិគ្រោះយោបល់ជាមុនរបស់គណៈកម្មការទន្លេមេគង្គ (MRC Prior Consultation Technical Review Report)។
នៅចុងបញ្ចប់នៃដំណើរការពិគ្រោះយោបល់ជាមុន ប្រទេសជាសមាជិក នឹងត្រូវផ្ញើជាផ្លូវការនូវទម្រង់ឆ្លើយតបរបស់ខ្លួនលើសំណើរគម្រោងវារីអគ្គិសនីប៉ាក់ឡាយនេះ ទៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
ឯកសារពាក់ព័ន្ធរបស់គម្រោងប៉ាក់ឡាយ មានជូនភ្ជាប់ជាមួយ។