Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការរៀបចំគម្រោងបន្ស៊ាំឆ្លងដែន (ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ហូ​ជី​មិញ​៖ លេ​ខា​ធិ​ការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេ​គង្គ (MRCS) បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ការ​រៀប​ចំ​គម្រោង​បន្ស៊ាំ​ឆ្លង​ដែន (Development of Transboundary Adaptation Projects) ក្រោម​អធិបតី​ភាព និង​ការ​ដឹក​នាំ​ពិភាក្សា​ដោយ​លោកស្រី Nguyen Hong Phuong អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​វៀតណាម (VNMC)។ សមា​ជិក​ចូល​រួម​កិច្ច​ប្រជុំ រួម​មាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRCS និងអ្នកជំនាញការអន្តរជាតិផ្នែកការប្រែប្រួលអាកាសធាតុ។ ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងបរិស្ថាន។

គោលបំណងចំបងនៃកិច្ចប្រជុំគឺ៖ (១) ផ្តល់សញ្ញាណទូទៅ និងរាយការណ៍អំពីស្ថានភាព និងកិច្ចការបន្ត នៃសំណើគម្រោងចំពោះមូលនិធិអាកាសធាតុបៃតង (GCF)៖ ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតចម្រុះ និងប្រព័ន្ធជូនដំណឹងជាមុន សម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គក្រោម (២) ផ្តល់សញ្ញាណទូទៅ និងរាយការណ៍អំពីគម្រោងបន្ស៊ាំថ្មីក្នុងតំបន់ដីសណ្តរមេគង្គ៖ ការកសាងភស្តុតាងជាមូលដ្ឋានសម្រាប់សំណើយុទ្ធសាស្រ្តបន្ស៊ាំ និងការស្នើឡើងនូវឯកសារទស្សនទាននៃគម្រោង (៣) ពិភាក្សា និងប្រមូលមតិយោបល់ស្តីពី គម្រោងដីសណ្តរមេគង្គ និង (៤) ពិភាក្សា និងឯកភាពលើកិច្ចការបន្ត ដើម្បីអនុវត្តន៍សកម្មភាពនៃការរៀបចំគម្រោងបន្ស៊ាំធាតុឆ្លងដែន៕