Developed by Khmer Focus
ដំណើរ​ទស្សន​កិច្ច​សិក្សា​ទៅ​កាន់​តំបន់​គម្រោង​វារីអគ្គិសនី​ស្រែពក​លើ នៅ​វៀតណាម និង​ទៅ​កាន់​ស្រែពក​ក្រោម និង​សេសាន​ក្រោម នៅ​កម្ពុជា (ថ្ងៃទី ១១-១៨ ខែវិច្ឆិកា ឆ្នាំ២០១៤)

(MRC-ISH)

ស្ទឹងត្រែង៖ តាមរយៈការងារ​កម្មវិធី​និរន្តរ​ភាព​វារីអគ្គិសនី គណៈប្រតិភូ​គណៈកម្មការ​ទន្លេ​មេគង្គ សរុបចំនួន ២៨រូប បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សារួមគ្នា ទៅកាន់​តំបន់​​គម្រោង​​វារីអគ្គិសនី​​ស្រែពក​លើ នៅ​វៀតណាម និង​ទៅ​កាន់​ស្រែពក​ក្រោម និង​សេសាន​ក្រោម នៅ​កម្ពុជា។ ដោយ​ឡែក សមាស​​ភាព​ចូល​រួម​ពី​កម្ពុជា​មាន ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង​គណៈ​កម្មា​ធិ​ការ​ជាតិ​​ទន្លេ​​មេគង្គ​កម្ពុជា លោក ឈាង ហុង ប្រធាន​នាយក​ដ្ឋាន​​គ្រប់​គ្រង​​ព័ត៌​មាន និង​ចំណេះ​ដឹង គជទមក លោក អ៊ុង​ វុទ្ធី អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រសួងបរិស្ថាន លោក ហ៊ាន វាសនា ប្រធានការិយាល័យ នៃនាយកដ្ឋាន​វារីអគ្គិសនី ក្រសួងរ៉ែ និងថាមពល លោក ទេស សុផារិទ្ធ ជំនាញការជាតិ ​ISH 01 និងលោក សុខ ប៊ុនហេង ជំនាញការជាតិ ISH 02។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សាគឺដើម្បី (១) ស្វែងយល់អំពី​ស្ថានភាព​ជាក់ស្តែងមានជា​ព័ត៌​មាន និង​បទពិសោធន៍​​សម្រាប់​ដំណើរ​ការវាយ​តម្លៃ​ផល​​ប្រយោជន៍ និង​ការ​ខូចខាត​ពី​ការ​អភិវឌ្ឍ​​វារី​អគ្គិសនី​​លើ​បរិស្ថាន និងសេដ្ឋកិច្ច-សង្គម និង (២) រៀបចំ​​​​​សេចក្តី​ព្រាង​គោលការណ៍​​ណែនាំ ដោយផ្អែក​លើ​​​​ស្ថាន​ភាព​​​​​ជាក់​ស្តែង សម្រាប់​​សកម្មភាព ISH 01 ​”កំណត់​​​តំបន់ដែល​មានបញ្ហា​អេកូឡូស៊ី​ សម្រាប់​ការ​​​អភិ​វឌ្ឍ​វារី​​អគ្គិសនី​ប្រកប​ដោយនិរន្តរភាពលើ​ដៃ​ទន្លេ​” និង​ ISH 02 “ការ​បង្កើត​​គោល​ការណ៍ណែនាំ​​ ស្តីពី​​​ការវាយ​តម្លៃ​គម្រោង​វារី​អគ្គិសនី” សម្រាប់គម្រោងសិក្សាសាកល្បងនៅលើដៃទន្លេមេគង្គ។

ក្នុងការអភិវឌ្ឍគម្រោង​ទំនប់​វារី​អគ្គិសនីកន្លងមក គណៈប្រតិភូមេគង្គបានសង្កេត​ឃើញ​ថា ពុំទាន់បានគិតគួរ​អំពីការចូលរួមពី​ភាគីពាក់ព័ន្ធឱ្យបាន​ពេញលេញអំពីផល​ប៉ះ​ពាល់​ផ្នែកសេដ្ខកិច្ច សង្គម និងបរិស្ថាននៅឡើយ និងការសិក្សាពីផល​ប៉ះពាល់នៅពុំទាន់​បាន​គ្រប់ជ្រុង​ជ្រោយ ដោយសារគម្រោងទាំងនោះ​ពុំបានគិតគូរលើ​​ផល​ប៉ះពាល់​ឆ្លងដែន​នៅតំបន់ភាគខាងក្រោមទំនប់ ក្នុងនោះពុំឃើញមានយន្តការពិនិត្យ តាមដាន​អំពីប្រតិបត្តិការទំនប់ និងការគិតគូរអំពីលំហូរបរិស្ថានទៅ​តំបន់ភាគខាងក្រោម ការស្តារកំណកកករ​ក្នុងអាងស្តុកទឹក គុណភាពទឹក ផ្លូវចរាចរត្រី និងពុំទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់ និងផ្សព្វផ្សាយឱ្យបាន​​ដល់ភាគីពាក់ព័ន្ធសំខាន់ៗ។ សហគមន៍​​​​ដែលរស់នៅ​តាម​ដង​​ទន្លេស្រែពក​ភាគ​ខាង​ក្រោម ក្នុងទឹកដីកម្ពុជា បាន​សំដែងនូវសេចក្តីសោមនស្សរីករាយ​ ដោយបានឃើញ​​ដំណើរ​ទស្សនកិច្ចសិក្សា​របស់ក្រុម​ប្រតិភូគណៈកម្មការ​ទន្លេ​មេគង្គ និងបានសំដែងនូវក្តី​បារម្ភចំពោះ​​​ផលប៉ះពាល់​ធ្ងន់ធ្ងរ ​​ដោយសារ​ការ​ឡើ​ង​​ចុះកម្រិត​កំពស់​ទឹក​ពុំទៀងទាត់​ ខុស​ប្រក្រតី​ ចាប់តាំង​ពី​មាន​​ការសាងសង់ទំនប់វារី​អគ្គិសនី ដែលបណ្តាលឱ្យមានការបាត់បង់​ធន​ធាន​​​ជលផល និង​ដីស្រែ​ចំការ​ដែល​ធ្លាប់​មាន​ពី​​មុនមក និងពុំមានប្រព័ន្ធជូន​ដំណឹងអំពីការ​បង្ហូរទឹក​​ពីទំនប់​នៅភាគ​ខាងលើ។

គោលការណ៍​​​ណែនាំ ស្តីពីការកំណត់​​​តំបន់​ដែល​មានបញ្ហា​អេកូឡូស៊ី​ សម្រាប់​ការ​​​អភិ​វឌ្ឍ​វារី​​​អគ្គិសនី​ប្រកប​ដោយ​និរន្តរភាពលើ​ដៃ​ទន្លេ​ និង​ការ​​​បង្កើត​​​គោល​ការណ៍ណែនាំ​​ ស្តីពី​​​ការវាយ​តម្លៃ​គម្រោង​​វារី​អគ្គិសនី របស់គណៈកម្មការទន្លេមេគង្គ អាចនឹងជួយដោះស្រាយបញ្ហាខាងលើ ហើយតាមរយៈ​ដំណើរទស្សនកិច្ចសិក្សានេះ នឹង​ផ្តល់​ជា​មូលដ្ឋាន​​​ក្នុងការបំពេញចន្លោះប្រហោងផ្នែកទិន្នន័យ ក្នុងការគិតគូរសម្រាប់​ការ​​រៀប​ចំគោលការណ៍​ណែនាំ សម្រាប់គម្រោងដែលបានសាងសង់រួច និងគម្រោងស្ថិត​ក្នុងផែនការ​​​​ ដែលត្រូវដាក់ឆ្លងការ​ពិនិត្យ និង​ផ្តល់យោបល់​នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ដែលគ្រោង​ធ្វើនៅ​អំឡុង​ខែមីនា ឆ្នាំ២០១៥​​​ ​ខាងមុខនេះ៕