(MRC-NAP)
វៀងច័ន្ទ៖ កិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រឹក្សាយោបល់ ផ្នែកនាវាចរណ៍ បានប្រព្រឹត្តទៅនៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ប្រចាំទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រោមការដឹកនាំរបស់ឯកឧត្តម ចាន់ តារា អគ្គនាយកដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Hans Guttman នាយកប្រតិបត្តិ លេខាធិការដ្ឋាន និងមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ផ្នែកនាវាចរណ៍ តំណាងប្រទេសជាសមាជិក តំណាងប្រទេសបែលហ្ស៊ិក និងក្រុមការងារលេខាធិការដ្ឋាន សរុបចំនួន ២២រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជា រួមមាន ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គជទមក លោក ហៀក ភិរុណ អគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក បុង វុទ្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គជទមក។
ឯកឧត្តមប្រធានអង្គប្រជុំ បានលើកអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយគិតគួរអំពីសេរីភាពផ្នែកនាវាចរណ៍ ការដឹកជញ្ជូនឆ្លងដែន និងបានស្នើសុំមតិយោបល់ និងអនុសាសន៍ពីសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ផ្នែកនាវាចរណ៍ នៃប្រទេសជាសមាជិកសម្រាប់ការអនុវត្តកម្មវិធីនាវាចរណ៍ឆ្នាំខាងមុខនេះ។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហាជាអាទិភាពមួយចំនួនរួមមាន ផែនការសកម្មភាពថ្នាក់តំបន់សម្រាប់ការដឹកជញ្ជូនទំនិញគ្រោះថ្នាក់តាមដងទន្លេមេគង្គ ការកសាងផែនការមេសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ការសិក្សាសមិទ្ធិលទ្ធភាពលើការបំពាក់ឧបករណ៍សុវត្ថិភាពនាវាចរណ៍នៅទន្លេមេគង្គភាគខាងលើ តួនាទីរបស់គណៈកម្មការទន្លេមេគង្គក្នុងការសម្របសម្រួលលើការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេចាប់ពីឆ្នាំ២០១៦ និងផែនការថវិកាសម្រាប់អនុវត្តន៍កម្មវិធី។
អង្គប្រជុំបានយល់ដឹងអំពីតម្រូវការរបស់ខ្លួន ដែលចង់ឱ្យមានការគាំទ្រជាបន្តទៀត ពីសំណាក់ដៃគូអភិវឌ្ឍន៍ (បែលហ្ស៊ិក) តាមរយៈកម្មវិធីនាវាចរណ៍ ដែលមានសកម្មភាពការងារមួយចំនួន ដែលអាចជួយដល់ចរាចរទំនិញតាមផ្លូវទឹក និងអ្នកដំណើរតាមដងទន្លេមេគង្គ ទៅកាន់តំបន់ទីប្រជុំជន កាត់បន្ថយការកកស្ទះចរាចរតាមផ្លូវទឹក កាត់បន្ថយការបំពុលផ្នែកបរិស្ថាន និងជាការតភ្ជាប់ពីតំបន់ទីក្រុង ទៅតំបន់ដាច់ស្រយាល ដែលមានផលប្រយោជន៍ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសេវាកម្មដទៃទៀត របស់ប្រជាជនដែលរស់នៅក្នុងប្រព័ន្ធទន្លេមេគង្គ។ អង្គប្រជុំក៏បានណែនាំថា ទន្ទឹមនឹងការរង់ចាំការផ្តល់ថវិកាពីដៃគូអភិវឌ្ឍន៍ កម្មវិធីត្រូវមានកិច្ចសហការល្អជាមួយកម្មវិធីពាក់ព័ន្ធ របស់គណៈកម្មការទន្លេមេគង្គ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ថវិកាក្នុងការអនុវត្តសកម្មភាពកម្មវិធីនាវាចរណ៍។
កិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការប្រឹក្សាយោបល់ផ្នែកនាវាចរណ៍ នឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០១៥៕