Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ផែន​ការ​យុទ្ធ​សាស្រ្ត​ឆ្នាំ ២០១៦-​២០២០ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ២៥-២៦ ខែធ្នូ ឆ្នាំ២០១៤)

សៀមរាប៖ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០១៦-២០២០ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) នៅ​សណ្ឋាគារ​អង្គរប៉ារ៉ាឌី ខេត្ត​សៀមរាប ដោយ​មាន​មន្រ្តី​តំណាង​ក្រសួង-​ស្ថាប័ន​ជា​សមាជិក អញ្ជើញ​ចូល​រួម​សរុប​ចំនួន ៥០រូប។

ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាប្រធានកិច្ចប្រជុំ ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានមានប្រសាសន៍ថ្លែងបើកអង្គប្រជុំ និងបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំដើម្បី (១) ជម្រាបជូនអំពីដំណើរការវិវត្តន៍ ភាពរីកចម្រើននៃការអនុវត្តផែនការយុទ្ធសាស្រ្ត ២០១១-២០១៥ (២) ពិនិត្យ និងពិភាក្សាដំណើរការកសាងផែនការយុទ្ធសាស្រ្ត ២០១៦-២០២០ (៣) ពិភាក្សាអំពីផលសម្រេច លទ្ធផល សកម្មភាព សូចនាករ ថវិកាសម្រាប់អនុវត្តន៍ផែនការយុទ្ធសាស្រ្ត  និង(៤) ជម្រាបជូន​ និងពិភាក្សាអំពីការពាក់ព័ន្ធ ដំណើរការសកម្មភាពនៃវិមជ្ឈការមុខងារស្នូល នៃការគ្រប់គ្រងអាងទន្លេមេគង្គ ២០១៦-២០២០។

ឯកឧត្តមប្រធានអង្គប្រជុំបានរំលឹកថា MRC បានដំណើរការ និងវិវត្តន៍ការងាររបស់ខ្លួន ផ្អែកតាមផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ចាប់ពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១៤ មាន៣តំណាក់កាល ដើម្បីសម្រេចគោលដៅធំរបស់ខ្លួន ផ្អែកលើកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥។ គ្រប់តំណាក់កាលផែនការយុទ្ធសាស្ត្រ បានកំណត់នូវចក្ខុវិស័យយូរអង្វែងសម្រាប់អាងទន្លេមេគង្គ ជាអាងទន្លេមានវិបុលភាពសេដ្ឋកិច្ច យុត្តិធម៌សង្គម និងបរិស្ថានបរិសុទ្ធ និងចក្ខុវិស័យរបស់ MRC ដែលជាអង្គការអាងទន្លេអន្តរជាតិមួយ កម្រិតពិភពលោក ដែលអាចធានាសន្តិសុខផ្នែកហិរញ្ញវត្ថុ និងផ្តល់សេវាដល់ប្រទេស នៅតាមដងទន្លេមេគង្គ ក្នុងការសម្រេចចក្ខុវិស័យអាងទន្លេនេះ និងកំណត់បេសកកម្ម៥ឆ្នាំ របស់ខ្លួន ដើម្បីជម្រុញ និងសម្របសម្រួលការគ្រប់គ្រង និងអភិឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធ ឱ្យមាននិរន្តរភាពសម្រាប់ជា ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិក និងសុខុមាលភាព របស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា កន្លងមក ផែនការយុទ្ធសាស្រ្ត បានដំណើរការអនុវត្តន៍ តាមកម្មវិធី និងគម្រោងរបស់ MRC ដែលប្រទេសដៃគូអភិវឌ្ឍន៍ផ្តល់ថវិកា រួមមាន កម្មវិធីកសិកម្ម និងធារាសាស្រ្ត កសាងផែនការអភិវឌ្ឍន៍អាងទន្លេ គ្រប់គ្រងគ្រោះរាំងស្ងួត បរិស្ថាន ជលផល គ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ គ្រប់គ្រងព័ត៌មាន និងចំណេះដឹង កសាងសមត្ថភាពចម្រុះ នាវាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ និរន្តរភាពវារីអគ្គិសនី និង គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ក្រោមជំនួយរបស់ដៃគូអភិវឌ្ឍន៍ និងចូលរួមអនុវត្តន៍ដោយក្រសួង-ស្ថាប័ននៃប្រទេសជាសមាជិកទាំង៤ កម្ពុជា ឡាវ ថៃ និងវៀតណាម។ ប៉ុន្តែ ផែនការយុទ្ធសាស្រ្ត ២០១៦-២០២០ ជារបត់នៃការផ្លាស់ប្តូរថ្មីមួយឆ្ពោះទៅកាន់ដំណើរការវិមជ្ឈការមុខងារស្នូល និងការអនុវត្តពេញលេញនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០ របស់ MRC នឹងមិនមានការអនុវត្តតាមគម្រោង-កម្មវិធីទៀតទេ តែជាការអនុវត្តសកម្មភាព ចំនួន៨០ ដើម្បីសម្រេចផលសម្រេច ចំនួន៨ នៃផែនការយុទ្ធសាស្ត្រ ហើយសកម្មភាពទាំងនោះ ជាការទទួលខុសត្រូវ និងចូលរួមអនុវត្តន៍របស់ប្រទេសជាសមាជិក ជាថវិការបស់រដ្ឋាភិបាលទាំង៤ រីឯប្រទេសដៃគូអភិវឌ្ឍន៍កាត់បន្ថយថិកាជាបណ្តើរៗ រហូតដល់ក្រោយឆ្នាំ ២០៣០ ទើបកាត់ទាំងស្រុង។ 

ជាលទ្ធផល អង្គប្រជុំបានស្តាប់បទបង្ហាញនានា ពាក់ព័ន្ធដំណើរការអនុវត្តន៍ផែនការយុទ្ធសាស្រ្ត ជាពិសេសឆ្នាំ២០១១- ២០១៥ និងផលប្រយោជន៍ដែលប្រទេសជាសមាជិកសម្រេចបាន និងបានជ្រាបច្បាស់ និងពិភាក្សាផុសផុលអំពីទម្រង់ផែនការយុទ្ធសាស្រ្ត ២០១៦-២០២០ ក្នុងនោះបណ្តាផលសម្រេច លទ្ធផល និងបណ្តាសកម្មភាព និងថវិកា និងសូចនាករ ប្រព័ន្ធពិនិត្យតាមដាន វាយតម្លៃ និងកសាងរបាយការណ៍ ស្របតាមទស្សនៈរបស់វិស័យស្ថាប័ន ជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលការណ៍កិច្ចសហប្រតិបត្តិការតំបន់ និងឆ្លងដែន៕