Developed by Khmer Focus
ការ​ពិភាក្សា​ការ​ងារ​ជា​មួយ​មន្រ្តី​បេសក​កម្ម ធនាគារ​ពិភពលោក​ស្តី​ពី គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ​កម្ពុជា (ថ្ងៃទី ១២-១៦ ខែមករា ឆ្នាំ២០១៥)

ភ្នំពេញ៖ នៅ​សាល​​ប្រជុំ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​មន្រ្តី​សម្រប​សម្រួល​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ បាន​ទទួល​ជួប និង​ទទួល​ក្រុម​ការ​ងារ​បេសក​កម្ម​ជំនាញ របស់​ធនាគារ​ពិភពលោក ដែល​ដឹក​នាំ​ដោយ​លោក Victor Vazques ប្រធាន​ក្រុម​ការ​ងារ  (Task Team Leader) សម្រាប់​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ (M-IWRMP) និង​អម​ដំណើរ​ដោយ​មន្រ្តីប្រតិភូ និងមន្រ្តីការិយាល័យ WB ប្រចាំកម្ពុជាសរុបចំនួន ០៧រូប និងមានមន្រ្តីថ្នាក់ជាតិតំណាងក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងរដ្ឋបាលជលផល សរុបចំនួន ០៩រូប។

គោលបំណងសំខាន់នៃបេសកកម្មគឺ៖ (១) បញ្ចប់ការកំណត់សកម្មភាពសំខាន់ៗ នៃគម្រោងសមាសភាគ២ សម្រាប់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងការគាំទ្រដល់ការអនុវត្ត IWRM នៅភូមិភាគឦសានប្រទេសកម្ពុជា និងកិច្ចសន្ទនាឆ្លងដែនជាមួយវៀតណាម (២) បំពេញទស្សនៈកិច្ចតំបន់គម្រោងក្នុងខេត្តក្រចេះ និងស្ទឹងត្រែង-ទីតំាងភ្ញាស់ត្រីសម្រាប់សមាសភាគ១ ស្តីពី ការគ្រប់គ្រងជលផលមេគង្គ និងការពិភាក្សាលើការបញ្ចប់ឯកសារផែនការលទ្ធកម្មនៃគម្រោងសមាសភាគ២។

នៅថ្ងៃទី ១៤-១៥ ខែមករា ឆ្នាំ ២០១៥ ក្រុមការងារបេសកកម្មជំនាញ អមដំណើរដោយ ឯកឧត្តម វ៉ាត់ បុត្តកុសល និងមន្រ្តីជំនាញគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលជលផល បានបំពេញទស្សនៈកិច្ចក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជួបជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម និងមន្រ្តីខ័ណ្ឌជលផលក្រចេះ និងស្ទឹងត្រែង និងសហគមន៍ជលផលស្រុកស្ទឹងត្រែង ពិនិត្យទីតាំងសម្រាប់គម្រោងសាងសង់ទីតាំងភ្ញាស់ត្រី និងទស្សនៈកិច្ចទីតាំងកសាងវារីអគ្គិសនីសេសាន២៕