(CNMC-CCAI)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើប្រព័ន្ធអេកូឡូស៊ី ក្នុងអាងទន្លេមេគង្គក្រោម នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ សមាជិកចូលរួមសរុបចំនួន ៣១រូប ជាមន្រ្តីបច្ចេកទេសមកពីបណ្តាក្រសួង ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គ្រឹះស្ថានអប់រំ និងសិក្សាស្រាវជ្រាវសាធារណៈ និងមន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃបណ្តាកម្មវិធីពាក់ព័ន្ធ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងការបើក និងដឹកនាំកិច្ចពិគ្រោះយោបល់នេះ។ ឯកឧត្តមបានបញ្ជាក់ថា៖ គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះគឺ បង្ហាញ ពិភាក្សា ប្រមូលមតិ និងឯកភាពគ្នា ត្រឹមកម្រឹតជាតិនូវវិសាលភាពការវាយតម្លៃផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ លើប្រព័ន្ធអេកូឡូស៊ីក្នុងអាងទន្លេមេគង្គ និងធ្វើការកំណត់រួមគ្នានូវសុច្ចនាករ និងប្រភេទសំខាន់ៗ សម្រាប់អនុវត្តកិច្ចការវាយតម្លៃនេះ។
សិក្ខាសាលាទទួលបានលទ្ធផលដូចតទៅ៖
- បានយល់ដឹងជារួម និងបានឯកភាពទៅលើវិសាលភាព សម្រាប់ធ្វើការវាយតម្លៃផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ លើប្រព័ន្ធអេកូឡូស៊ីក្នុងអាងទន្លេមេគង្គ
- បានយល់ដឹងជារួម និងបានឯកភាពទៅលើសុច្ចនាករ និងប្រភេទសំខាន់ៗសម្រាប់អនុវត្តការវាយតម្លៃខាងលើ។
ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើប្រព័ន្ធអេកូឡូស៊ីក្នុងអាងទន្លេមេគង្គ គឺជាសមាសភាគមួយដ៏សំខាន់មួយ ក្នុងចំណោមសមាសភាគជាច្រើនទៀត នៃការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើធនធានទឹក និងធនធានផ្សេងៗទៀតដែលពាក់ព័ន្ធនឹងទឹក ក្នុងអាងទន្លេមេគង្គ។ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិបែបនេះ ក៏នឹងត្រូវធ្វើផងដែរសម្រាប់ប្រទេសជាសមាជិកបីទៀតគឺ៖ ឡាវ ថៃ និងវៀតណាម ហើយបន្ទាប់ពីកិច្ចប្រជុំថ្នាក់ជាតិក្នុងប្រទេសជាសមាជិកទាំងបួននេះរួច លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិទាំងនេះនឹងត្រូវប្រមូលផ្តុំយកទៅពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ក្នុងចំណោមប្រទេសជាសមាជិកទាំងបួន នាពេលខាងមុខដ៏ខ្លី៕