(MRC-IKMP)
វៀងច័ន្ទ៖ សិក្ខាសាលាបច្ចេកទេសថ្នាក់តំបន់ស្ដីពី ការងារពិនិត្យ តាមដានធារទឹក និងកំរិតកករ លើទន្លេមេគង្គមេ បានប្រព្រឹត្តទៅនៅប្រទេសឡាវ ក្រោមការដឹកនាំរបស់តំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសជាសមាជិក និងក្រុមការងារលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៩រូប។ ដោយឡែក សមាសភាពចូលរួមពីកម្ពុជា រួមមាន លោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គ.ជ.ទ.ម.ក លោក គឺ ខេមលីន មន្ត្រីសម្របសម្រួលកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃនាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គ.ជ.ទ.ម.ក លោក ឃុន ធឿន អនុប្រធានការិយាល័យការងារជលសាស្ត្រ នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម។
សិក្ខាសាលាមានគោលបំណងកែលំអការអនុវត្តប្រព័ន្ធពិនិត្យ តាមដានធារទឹក និងកំរិតកករ តាមទន្លេមេគង្គមេ។
សិក្ខាសាលាបានយល់ដឹងអំពីវិធីសាស្ត្រ និងឧបករណ៍ដែលប្រើប្រាស់សម្រាប់វាស់ធារទឹក និងកំរិតកករទាំង១៧ ស្ថានីយ៍ តាមដងទន្លេមេគង្គមេ ក្នុងចន្លោះឆ្នាំ២០១៤ ដល់ ២០១៥ ដោយមានការពិនិត្យគុណភាពទិន្នន័យ ព្រមទាំងចាត់ទុកដំណើរការធ្វើវិមជ្ឈការបែបប្រញាប់ប្រញាល់ថា ជាការប្រឈមក្នុងការងារនេះ ដោយសារសមត្ថភាពជំនាញបុគ្គលិក និងធនធាននៃប្រទេសជាសមាជិកនៅមានកម្រិតនៅឡើយ។
សិក្ខាសាលាបានឯកភាពជាគោលការណ៍ លើវិធីសាស្ត្រដែលត្រូវធ្វើការកែលំអបន្ថែម ដើម្បីពិនិត្យ តាមដានការងារនេះ ឱ្យកាន់តែប្រសើរឡើងនៅតំណាក់កាលចុងក្រោយ ក្នុងឆ្នាំ២០១៥ ព្រមទាំងស្នើឱ្យមានការចុះពិនិត្យផ្ទៀងផ្ទាត់ អំពីការប្រើប្រាស់វិធីសាស្ត្រតាមប្រទេស ការពិនិត្យ តាមដានលើដៃទន្លេសំខាន់ៗ និងបន្តការកសាងសមត្ថភាពជំនាញដល់មន្ត្រីបុគ្គលិកដែលកំពុងអនុវត្តការងារនេះ៕