Developed by Khmer Focus
សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី បណ្តុំ​ចំណេះ​ដឹង​សម្រាប់​​ការ​គ្រប់​គ្រង​​ធន​ធាន​ទឹក​ឆ្លង​ដែន របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៥)

(MRC-IKMP)

វៀងច័ន្ទ៖ សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី បណ្តុំ​ចំណេះ​ដឹង​សម្រាប់​​ការ​គ្រប់​គ្រង ធន​ធាន​ទឹក​ឆ្លង​ដែន របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ បានប្រព្រឹត្តទៅ​នៅ​ប្រទេស​ឡាវ ដោយ​​មាន​ការ​ចូល​​រួម​​ពី​មន្ត្រី​តំណាង​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ​​នៃ​​ប្រទេស​ជា​សមាជិក និង​បុគ្គលិក​​លេខា​​ធិ​​ការ​​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ១៩រូប។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​រួម​មាន​លោក ឈាង ហុង ប្រធាន​នាយក​​ដ្ឋាន​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង គ.ជ.ទ.ម.ក លោក គឺ ខេមលីន មន្ត្រី​​សម្រប​សម្រួល​កម្ម​វិធី​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង គ.ជ.ទ.ម.ក និងលោក តុង សេង ប្រធាន​​ការិយា​ល័យ​ស្រាវ​ជ្រាវ និង​ព្យា​ករណ៍​ទឹក​ជំនន់ នាយក​ដ្ឋាន​ជល​សាស្ត្រ និង​​ការ​ងារ​​ទន្លេ នៃ​ក្រសួង​​ធន​ធាន​​ទឹក និង​ឧតុនិយម។

គោលបំណង​នៃ​សិក្ខា​សា​លា​គឺ ត្រូវ​ផ្តល់​​ផល​ប្រយោជន៍​​ដល់​​​ប្រទេស​​ជា​​សមា​ជិក​​មេគង្គ ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍ និង​ជំនាញ​ដ៏​ទូលំ​ទូលាយ​​ទាក់​ទង​​នឹង​​ការ​គ្រប់​គ្រង​​ធន​​ធាន​​ទឹក​ឆ្លង​ដែន​ពី​ពិភព​លោក ដោយ​មាន​ការ​គាំ​ទ្រ​ពី​សកម្ម​ភាព ​ការ​កសាង​​សមត្ថ​ភាព ​​របស់​​គណៈ​​កម្ម​ការ​ទន្លេ​មេគង្គ និង​អាច​ប្រើ​ប្រាស់​​បទ​ពិសោធន៍ និង​មេរៀន​ពី​មេគង្គ​​ជា​មួយ​​ដៃ​គូ​​​ពី​ខាង​ក្រៅ។

សិក្ខា​សា​លា​បាន​យល់​ដឹង​អំពី​ទស្សន​ទាន​នៃ​បណ្ដុំ​ចំណេះ​ដឹង (knowledge Hub) ដែល​ត្រូវ​​បង្កើត​​តាម​ការ​សម្រេច​​នៅ​ក្នុង​កិច្ច​ប្រជុំ​​គណៈ​​កម្មាធិការ​រួម MRC កាល​​ពី​ខែ​មីនា ឆ្នាំ២០១០ ដោយ​មាន​​បី​ផ្នែក​​​ចម្បងៗ​គឺ៖ ១. MRC Homepage ២. MRC Information System និង ៣. Document and Learning Centre។

សិក្ខា​សា​លា​បាន​ឯក​ភាព​ជា​​គោល​ការណ៍ លើ​ការ​បង្កើត​បណ្ដុំ​ចំណេះ​ដឹង​ស្តី​ពី​ ការ​គ្រប់​គ្រង​​ធន​​ធាន​​ទឹក​ឆ្លង​ដែន ដែល​ការ​ងារ​​នេះ​នឹង​​ត្រូវ​អនុវត្ត​ជា​ពីរ​ដំណាក់​​កាល​គឺ តំណាក់​កាល​ទី១៖ បង្កើត និង​រៀប​ចំ​​ប្រព័ន្ធ​ដំណើរ​ការ​ក្នុង​ឆ្នាំ២០១៥ និង​​ដំណាក់​​​កាល​ទី២៖ កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ ដោយ​​​ផ្តោត​លើ​ការ​ពង្រឹង​ភាព​​ជា​ដៃ​គូ កសាង​សមត្ថ​ភាព និង​ចំណេះ​ដឹង​ជា​មួយ​​អ្នក​​ពាក់ព័ន្ធ ក្រោយ​​ឆ្នាំ​​២០១៥។

បណ្ដុំ​ចំណេះ​ដឹង​នេះ​រំពឹង​ថា ពុំ​គ្រាន់​តែ​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​ដល់​ប្រទេស​ជា​សមា​ជិក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​​ប្រយោជន៍​ដល់​ប្រទេស​ក្នុង​តំបន់ តាម​រយៈ​​ការ​ចែក​រំលែក​ឧបករណ៍ ការ​អនុវត្ត​ដ៍​​ប្រសើរ (best practices) បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ឆ្លង​ដែន និង​ជា​ជំនួយ​​ដល់​​ការ​សម្រប​សម្រួល​លើ​ការ​អភិវឌ្ឍ ដែល​គាំ​ទ្រ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​​អភិវឌ្ឍ​​ដែល​​មាន​​និរន្តរ​ភាព និង​ប្រសិទ្ធ​ភាព​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់៕