(MRC-AIP)
ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលកម្មវិធីកសិកម្ម និងធារាសាស្រ្ត ដឹកនាំដោយលោក សូ សុភ័ទ្ទ មន្រ្តីតំណាងលេខាធិការដ្ឋាន និងមានមន្រ្តីចូលរួមពីប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងមន្ត្រីជំនាញមកពី MRCS សរុបចំនួន ១២រូប។ ដោយឡែកសមាសភាពអ្នកចូលរូមមកពីកម្ពុជាមានចំនួន ០៣រូប រួមមាន លោក ហ៊ួង ស៊ុនថាន ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក នៃក្រសួងធនធានទឹក និងឧតុនិយម លោក សួស ប៊ុនថន អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងជាមន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃកម្មវិធីកសិកម្ម និងធារាសាស្រ្ត គ.ជ.ទ.ម.ក កញ្ញា គង់ ឡាមៀលពិសី មន្រ្តីនាយកដ្ឋានរដ្ឋបាល គ.ជ.ទ.ម.ក។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងរបស់កម្មវិធីកសិកម្ម និងធារាសាស្រ្ត ក្នុងឆ្នាំ២០១៤ និងគម្រោងដែលត្រូវអនុវត្តន៍ក្នុងឆ្នាំ២០១៥ និងការធ្វើបច្ចុប្បន្នភាព នៃផែនការការងារប្រចាំឆ្នាំ២០១៥។
ជាលទ្ធផលគឺ មានគម្រោងមួយចំនួនដែលបានអនុវត្តន៍ក្នុងឆ្នាំ ២០១៣-២០១៤ កន្លងមកនេះត្រូវបានបញ្ចប់ និងទទួលបានលទ្ធផលជាទីគាប់ចិត្ត ព្រមទាំងមានគម្រោងស្តីពី ការប្រើប្រាស់ទឹកក្រោមដីសម្រាប់កសិកម្ម កំពុងអនុវត្តន៍បន្ត នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០១៥នេះ។ ចំពោះគម្រោងថ្មីដែលត្រូវអនុវត្តន៍ ក្នុងឆ្នាំ២០១៥ មានចំនួន ០៤ រួមទាំងការសិក្សាសម្រាប់ Council Study រួមមាន គម្រោងការតាមដានការប្រើប្រាស់ដីកសិកម្ម ការអភិវឌ្ឍគោលការណ៍ណែនាំសម្រាប់ប្រព័ន្ធធារាសាស្រ្ត ដែលមិនមានឧបសគ្គដល់ការរស់នៅរបស់ត្រី ការវាយតម្លៃផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ទៅលើសន្តិសុខស្បៀង ការប្រែប្រួលដីកសិកម្ម និងគម្រោងពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្រ្ត។
ដោយកម្មវិធីកសិកម្ម និងធារាសាស្រ្ត មានថវិកាខ្វះខាតដែលផ្តល់ដោយប្រទេសជប៉ុន ដូច្នេះកម្មវិធីនេះមានការជួយឧបត្ថម្ភបន្ថែមពីកម្មវិធី CCAI និង FP ដើម្បីឱ្យគម្រោងដែលបានរៀបរាប់ខាងលើ អនុវត្តន៍ទៅដោយរលូន និងទទួលបានជោគជ័យ៕