Developed by Khmer Focus
កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​លើក​ទី១ នៃ​ការ​ងារ​ទី៣ ក្នុង​ការ​សិក្សា​ដំបូង សម្រាប់​កម្ម​វិធី​គ្រប់​គ្រង និង​កាត់​បន្ថយ​គ្រោះ​ទឹក​ជំនន់ (ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥)

(CNMC-FMMP)

រាជធានីភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការចាប់ផ្តើមអនុវត្តន៍ការងារទី៣ ក្នុងការសិក្សាដំបូងស្តីពី ស្ថានភាពនៃការអភិវឌ្ឍដែលអាចកើតមានក្នុងតំបន់ទំនាបលិចទឹក, គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់ជាតិលើកទី១ សម្រាប់ការងារទី៣ នេះ ដើម្បីបង្ហាញ និងពិភាក្សាលើព័ត៌មាន និងរបាយការណ៍ដែលប្រមូលបានក្នុងចន្លោះពេលចាប់ពីកិច្ចប្រជុំថ្នាក់តំបន់ក្នុងខែកក្កដាកន្លងមក រហូតមកដល់កិច្ចប្រជុំលើកទី១ នេះ។ ក្នុងការងារទី៣ នៃការសិក្សាដំបូងនេះ គឺត្រូវពិនិត្យ និងវិភាគលើរបាយការណ៍ និងព័ត៌មានដែលទទួលបានតាមរយៈការប្រមូលរបស់ជំនាញការជាតិ សម្រាប់រៀបចំសេណារីយូនៃនិន្នាការអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមចំនួន ១៨រូប រួមមានតំណាងពីស្ថាបន័ពាក់ពន្ឋ័ចំនួន ០៨រូប ជំនាញការជាតិ ០៤រូប និងជំនាញការអន្តរជាតិចំនួន ០៦រូប។

ការ​បង្ហាញ​របស់​ជំនាញ​ការ​ជាតិ​តាម​វិស័យ​នីមួយៗ​រួម​មាន វិស័យ​​សេដ្ឋកិច្ច​​សង្គម កសិកម្ម ការ​ប្រើប្រាស់​ដី និង​ការ​ដឹក​ជញ្ជូន ស្ថាន​ភាព​ទិន្នន័យ​ព័ត៌​មាន​ដែល​ប្រមូល​បាន និង​និន្នាការ​អភិវឌ្ឍន៍​ដែល​អាច​កើត​ឡើង​ក្នុង​ពេល​អនាគត ព្រម​ទាំង​បញ្ហា​ប្រឈម​សំខាន់​ដែល​មាន និង​អាច​កើត​មាន​នា​ពេល​អនាគត ទាក់​ទង​នឹង​ទឹក​ជំនន់។

អង្គប្រជុំ​ក៍​បាន​ពិភាក្សា​ជា​រួម និង​ដក​ស្រង់​គំនិត​ស្តី​ពី​លទ្ធភាព​នៃ​ការ​វិវត្ត និង​បញ្ហា​ដែល​អាច​កើត​មាន​ក្នុង​រយៈ​ពេល ២០ ទៅ ៣០​ឆ្នាំ ខាង​មុខ ក្នុង​តំបន់​ទំនាប​លិច​ទឹក ដែល​មាន​ជាអាទ៍ តំបន់​ទំនាប​ទន្លេ​មេគង្គ ទន្លេ​បាសាក់ ដី​សណ្តរ និង​ជុំ​វិញ​បឹង​ទន្លេ​សាប។ អង្គ​ប្រជុំ​បាន​ពិភាក្សា​លើ​ការ​ងារ​បន្ត​ដែល​ត្រូវ​ធ្វើ មុន​នឹង​ឈាន​ដល់​ការ​រៀប​ចំ​​កិច្ច​​ប្រជុំ​លើក​ទី២។ អ្នក​ជំនាញ​ការ​អន្តរ​ជាតិ នឹង​ពិនិត្យ​មើល​លំអិត​លើ​ព័ត៌​មាន របាយ​ការណ៍ និង​​ឯកសារ​​យោង​នានា ដែល​ផ្តល់​ដោយ​អ្នក​ជំនាញ​ការ​ជាតិ និង​អនុ​សាសន៍​នានា ដែល​ទទួល​បាន​ក្នុង​កិច្ច​​ប្រជុំ ដើម្បី​ពិនិត្យ វិភាគ និង​រៀប​ចំ​របាយ​ការណ៍​បន្ថែម​ទៀតសម្រាប់​ពិនិត្យ និង​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​​លើក​​ទី២​ បន្ត​​ទៀត​៕