(MRC-M-IWRM)
រាជធានីភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) បានរៀបចំសិក្ខាសាលាស្តីពី ស្ថានភាពអនុវត្តគម្រោងគ្រប់គ្រងជលផលឆ្លងដែន ក្នុងទន្លេមេគង្គ-សេកុង ក្នុងខេត្តស្ទឹងត្រែង-ក្រចេះ និងចំប៉ាសាក់-អាតាពើ រវាងកម្ពុជា និងឡាវ ដែលមានមន្រ្តីក្រុមការងារនៃប្រទេសកម្ពុជា ឡាវ មន្រ្តីជំនាញ MRCS និងមន្រ្តីជំនាញនៃធនាគារពិភពលោក សរុបចំនួន ២៣រូប។
អង្គសិក្ខាសាលាបានពិនិត្យ និងពិភាក្សាលើការវិវត្តរីកចម្រើននៃការអនុវត្តគម្រោងកន្លងមក ដែលមានស្ថាប័នជលផលនៃប្រទេសទាំងពីរអនុវត្ត និងបានពិភាក្សាលើសំណើកែសម្រួលផលសម្រេច (Outcomes) ទាំង ៣ នៃគម្រោងដែលបានស្នើឡើងដោយក្រុមការងារធនាគារពិភពលោក ដើម្បីកាន់តែច្បាស់លាស់ និងងាយស្រួលអនុវត្តសមស្របទៅនឹងបរិបទនៃគម្រោងគ្រប់គ្រងជលផល ក្រោមជំនួយរបស់ធនាគារពិភពលោកនៅថ្នាក់តំបន់ ឆ្លងដែន និងថ្នាក់ជាតិ នៃប្រទេសកម្ពុជា និងឡាវ។
អង្គសិក្ខាសាលាបានពិភាក្សា និងឯកភាពលើសំណើផលសម្រេចថ្មី និងបានធ្វើការកែសម្រួលនូវសកម្មភាព ពេលវេលាអនុវត្ត ពិភាក្សាការធ្វើសេចក្តីរាយការណ៍បច្ចេកទេស យន្តការអនុវត្តគម្រោង និងយន្តការសម្របសម្រួលអនុវត្តគម្រោងឆ្លងដែន ក្នុងនោះពង្រឹងតួនាទីនៃគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសកម្ពុជា និងឡាវ ឱ្យកាន់តែប្រសើរឡើងលើកិច្ចការឆ្លងដែន និងការផ្តល់ជំនួយបច្ចេកទេសពីលេខាធិការដ្ឋាន MRCS៕