Developed by Khmer Focus
សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ស្តី​ពី វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិ​វិធី​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ៥-៧ ខែតុលា ឆ្នាំ២០១៥)

(CNMC-ICBP)

សៀមរាប៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ស្តី​ពី វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិ​វិធី​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ទី​រួម​ខេត្ត​សៀមរាប ដឹក​នាំ​ដោយ​ឯកឧត្តម​បណ្ឌិត អាន ពេជ្រហត្ថដា និង​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ សរុប​ចំនួន ២៧នាក់។

គោល​បំណង​សំខាន់​នៃ​សិក្ខា​សា​លា​នេះ​គឺ៖ ទី១- ផ្សព្វ​ផ្សាយ​ជា​ថ្មី​ដល់​អ្នក​ចូល​រួម​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ១៩៩៥ រួម​ទាំង​ការ​វិវត្តន៍​នៃ​ការ​អនុវត្ត​នីតិ​វិធី​ពាក់​ព័ន្ធ​នានា​របស់ MRC ក្នុង​ពេល​កន្លង​មក ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​ពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ និង​នីតិ​វិធី​ទាំង​ប្រាំ​រួម​មាន នីតិ​វិធី​ចែក​រំលែក​ទិន្នន័យ និង​ព័ត៌មាន នីតិ​វិធី​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ទឹក នីតិ​វិធី​ស្តី​ពី​ការ​ជូន​ដំណឹង ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រម​ព្រៀង នីតិ​វិធី​រក្សា​លំហូរ​ទឹក​តាម​ដង​ទន្លេ​មេ និង​នីតិ​វិធី​ស្តី​ពី​គុណ​ភាព​ទឹក និង​ទី២- បង្ហាញ​ជូន​ពី​មេរៀន​បទ​ពិសោធន៍​ក្នុង​ដំណើរ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង និង​នីតិ​វិធី​ខាង​លើ​រួម​ទាំង​ការ​លំបាក និង​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ជាតិ និង​តំបន់៕