(MRC-NAP)
បាងកក៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់លើកចុងក្រោយ ដើម្បីពិនិត្យលើសេចក្តីព្រាងឯកសារគម្រោង ផែនការមេដឹកជញ្ជូនផ្លូវទឹក ក្នុងអាងទន្លេមេគង្គភាគខាងក្រោម នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធពីប្រទេសជាសមាជិក ជំនាញការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៥៥រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានមន្ត្រីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
សិក្ខាសាលានេះមានគោលបំណង៖ (១). ពិនិត្យ ផ្តល់យោបល់ និងឯកភាពលើសេចក្តីព្រាងឯកសារគម្រោង ផែនការមេ (២). ធ្វើចំណាត់ថ្នាក់សកម្មភាពជាអាទិភាព និង(៣). ទទួលការណែនាំពីប្រទេស ដើម្បីបញ្ចប់ផែនការសកម្មភាព។
ការសិក្សាអំពីគម្រោងផែនការមេ សម្រាប់ការដឹកជញ្ជូនផ្លូវទឹកក្នុងអាងទន្លេមេគង្គ ចាប់តាំងពីខែមករា ឆ្នាំ២០១៥ ក្នុងគោលបំណង រៀបចំកម្មវិធីអភិវឌ្ឍរយៈពេលវែងដែលនឹងស្តារ និងកែលំអបណ្តាញដឹកជញ្ជូនជាតិ និងអន្តរជាតិតាមដងទន្លេមេគង្គ នៅតាមបណ្តាប្រទេសជាសមាជិកមេគង្គ។
អង្គសិក្ខាសាលាបានពិនិត្យ និងឯកភាពជាគោលការណ៍ លើសេចក្តីព្រាងរបាយការណ៍គម្រោង ផែនការមេខាងលើ ដោយបានអនុញ្ញាតឱ្យមានការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលនាវាចរណ៍ថ្នាក់តំបន់ ដែលនឹងត្រូវស្នើសុំការឯកភាពដោយគណៈកម្មាធិការរួម ឬក្រុមប្រឹក្សានៃគណៈកម្មការទន្លេមេគង្គ ព្រមទាំងបានកំណត់សកម្មភាពជាអាទិភាពតាមប្រទេសរៀងៗខ្លួន។ សេចក្តីព្រាងបញ្ចប់ នឹងត្រូវបញ្ជូនទៅឱ្យប្រទេស មុនបំណាច់ឆ្នាំ២០១៥ខាងមុខ ដើម្បីក្រសួងស្ថាប័នទទួលខុសត្រូវលើការងារនេះ ពិនិត្យបន្ថែម និងប្រើប្រាស់ជាឯកសារយោង។
បញ្ហាប្រឈមចំពោះមុខ ដែលត្រូវអនុវត្តផែនការការមេនេះ គឺការស្វែងរកថវិកា អាចជាថវិកាពីដៃគូអភិវឌ្ឍន៍ ថវិកាបដិភាគពីរដ្ឋាភិបាលនៃប្រទេសជាសមាជិករៀងៗខ្លួន និងថវិកាពីវិស័យឯកជន ក្នុងដំណាក់កាលអនុវត្តវិមជ្ឈការមុខងារស្នូល របស់គណៈកម្មការទន្លេមេគង្គ ក្រោយឆ្នាំ២០១៥៕