Developed by Khmer Focus
ពិ​ធី​ចរ​ចារ​ស្តី​ពី គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី​៣ សម្រាប់​ប្រទេស​កម្ពុជា (ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០១៦)

(CNMC-MIWRM)

ភ្នំពេញ៖ ពិធី​ចរចារ​ស្តី​ពី គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំ​ណាក់​កាល​ទី៣ សម្រាប់​ប្រទេស​កម្ពុជា បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ សាល​ប្រជុំ​ការិយា​ល័យ​ធនា​គារ​ពិភព​លោក ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ភាគី​ចរចារ​រួម​មាន៖ ប្រតិភូ​រាជរដ្ឋា​ភិបាល​កម្ពុជា​មាន​១០រូប ដឹក​នាំ​ដោយ​ឯកឧត្តម ហែម វណ្ណឌី អនុ​រដ្ឋលេខា​ធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អម​ដោយ​សមា​ជិក​ប្រតិភូ​រួម​មាន​ឯកឧត្តម អេង ជាសាន ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក អគ្គនាយក​រដ្ឋបាល​ជល​ផល ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ឯកឧត្តម អស់​លោក​ជា​មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា រដ្ឋបាល​ជល​ផល ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រតិភូ​ធនាគារ​ពិភព​លោក​ចំនួន៨ រូប ដឹក​នាំ​ដោយ​លោក Greg Browder ប្រធាន​ក្រុម​បច្ចេក​ទេស ជា​ប្រធាន និង​អម​ដំណើរ​ដោយ​លោក លោក​ស្រីជា​មន្រ្តី​ធនាគារ​ពិភពលោក។

គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ សម្រាប់​ប្រទេស​កម្ពុជា ជា​គម្រោង​ឥណទាន មាន​ទឹក​ប្រាក់ ១៥ លាន​ដុល្លារ​សហរដ្ឋ មាន​រយៈ​ពេល ៥ឆ្នាំ សម្រាប់​ការ​គ្រប់​គ្រង​ធាន​ធាន​ទឹក និង​ធន​ធាន​ជល​ផល​នៅ​អាង​ទន្លេ​សេកុង-​សេសាន-​ស្រែពក និង​ទន្លេ​មេគង្គ ក្នុង​ភូមិ​ភាគឦសាន​ប្រទេស​កម្ពុជា។ គម្រោង​សម្រាប់​ការ​គ្រប់​គ្រង​ធាន​ធាន​ទឹក មាន​ទឹក​ប្រាក់ ៥លាន​ដុល្លារ នឹង​អនុវត្ត​ដោយ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​សហការ​ដោយ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​គម្រោង​គ្រប់​គ្រង​ធន​ធាន​ជល​ផល មាន​ទឹក​ប្រាក់ ១០លាន​ដុល្លារ នឹង​អនុវត្ត​ដោយ​រដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ដំណើរ​ការ​ចរចារ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹម​សារ​នៃ​ឯក​សារ​ពាក់​ព័ន្ធ​សំខាន់ៗ និង​ការ​ត្រៀម​អនុវត្ត​របស់​ស្ថាប័ន​នីមួយៗ ក្នុង​នោះ​ឯកសារ​ហិរញ្ញវត្ថុ លិខិត​បែប​បទ​សម្រាប់​ហិរញ្ញវត្ថុ និង​ឯកសារ​វាយ​តម្លៃ​គម្រោង។ អង្គ​ចរចារ​បាន​សម្រេច​លទ្ធ​ផល​គឺ ឯក​ភាព​លើ​ចំណុច​ព្រម​ព្រៀង និង​ចំណុច​ស្រាយ​បញ្ជាក់​បន្ថែម ដែល​មាន​ចែង​ក្នុង​កំណត់​ហេតុ​នៃ​កិច្ច​ចរចារ​ដែល​ចុះ​ហត្ថលេខា​រវាង​ប្រធាន​ប្រតិភូ​ភាគី​ទាំង​ពីរ និង​បាន​ឯក​ភាព​លើ​ឯកសារ​ហិរញ្ញវត្ថុ និង​ឯកសារ​វាយ​តម្លៃ​គម្រោង ដែល​នឹង​ដាក់​ជូន​ក្រុម​ប្រឹក្សា​របស់​ធនាគារ​ពិភព​លោក​ពិនិត្យ និង​សម្រេច និង​រៀប​ចំ​តាម​គតិយុត្តិ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ចូល​ជា​ធរ​មាន​សម្រាប់​ប្រសិទ្ធ​ភាព​អនុវត្ត​គម្រោង៕