ឥណ្ឌូនេស៊ី៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី១ របស់ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ ដោយសហការរៀបចំមហាសន្និបាត ដោយក្រសួងសាធារណការ និងលំនៅដ្ឋាន និងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាទឹកអាស៊ី មានទីតាំងនៅក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
អង្គមហាសន្និបាត បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Dr. Ir. Basuki Hadiujona រដ្ឋមន្រ្តីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ី និងជាសមាជិកស្ថាបនិក AWC បានថ្លែងសន្ទរកថាស្វាគមន៍ និងបើកអង្គមហាសន្និបាត សន្ទរកថាស្វាគមន៍ដោយ Dr. I. Made Mangku Pastika ប្រធានអភិបាលក្រុងបាលី និងចំណាប់អារម្មណ៍ដោយលោក Dr. Gyewoon Choi ជាតំណាងសមាជិកស្ថាបនិក AWC ក្នុងតំបន់អាស៊ីទាំងមូល។ អង្គមហាសន្និបាត មានការអញ្ធើញចូលរួមថ្នាក់ជាន់ខ្ពស់ នៃមន្រ្តីរដ្ឋាភិបាលនៃប្រទេសស្ថាបនិក AWC ថ្នាក់រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋមន្រ្តី អគ្គនាយក ប្រធាន-អនុប្រធាន ថ្នាក់នាយក ជាមន្រ្តីតំណាងអង្គការជាតិ អន្តរជាតិ ធនាគារអភិវឌ្ឍអាស៊ី (ADB) គ្រឹះស្ថានអប់រំ (UNESCO-IHP) គ្រឹះស្ថានអប់រំសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ី អ៊ឺរុប អាហ្វ្រីក អាមេរិកឡាទីន និងអូសេអានី សរុបប្រមាណ ៣០០នាក់។
អង្គមហាសន្និបាត បានស្តាប់នូវបទឧទ្ទេសនាមពីមន្រ្តីជាន់ខ្ពស់សំខាន់ ១០រូប តំណាងប្រទេសជាស្ថាបនិកក្រុមប្រឹក្សាទឹកអាស៊ី។ ឯកឧត្តម ប៊ុន ហ៊ាន ក្នុងនាម ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលជាសមាជិកស្ថាបនិក AWC តំណាងកម្ពុជា (ក្នុងចំណោមសមាជិកស្ថាបនិក ១៥រូប) បានចូលរួមធ្វើបទឧទ្ទេសនាម អំពីស្ថានភាពទូទៅនៃវិស័យធនធានទឹកនៅកម្ពុជា ក្នុងនោះឯកឧត្តមបានលើកឡើងពីស្ថានភាពធនធានទឹកក្នុងប្រទេស និងក្នុងអាងទន្លេមេគង្គទាំងមូល ដែលជួបបញ្ហាទឹកជំនន់ គ្រោះរាំងស្ងួត បម្រែបម្រួលអាកាសធាតុ គ្រប់គ្រងធនធានទឹក ភាពប្រឈមនានាសម្រាប់ធានាសន្តិសុខទឹកនៅកម្ពុជា និងក្នុងតំបន់អាងទន្លេមេគង្គ សម្រាប់អភិវឌ្ឍគ្រប់គ្រងវិស័យធនធានទឹក និងបានលើកជម្រើសដោះស្រាយសម្រាប់ភាពប្រឈម និងតម្រូវការសម្រាប់ការអភិវឌ្ឍ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា តាមច្បាប់គ្រប់គ្រងទឹក និងបណ្តាបទដ្ឋានគតិយុត្តិនានា របស់ប្រទេសកម្ពុជា ផ្អែកតាមគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ ដូចមានចែងច្បាស់នៅក្នុងច្បាប់ទឹក ដើម្បីគ្រប់គ្រង និងអភិវឌ្ឍទឹក និងធនធានពាក់ព័ន្ធទឹក តាមរយៈការអនុវត្តគោលការណ៍នេះជាមូលដ្ឋាន។ ឯកឧត្តម បានបង្ហាញពីឆន្ទៈនៃការចូលរួម និងគាំទ្ររបស់កម្ពុជាចំពោះចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមប្រឹក្សាទឹកអាស៊ី និងបានវាយតម្លៃខ្ពស់អំពីតួនាទីសំខាន់ របស់ក្រុមប្រឹក្សាទឹកអាស៊ី សម្រាប់ជួយគាំទ្របច្ចេកទេស និងស្វែងរកការទ្រទ្រង់ថវិកា គម្រោងវិនិយោគសម្រាប់ប្រទេសជាសមាជិកក្នុងតំបន់អាស៊ីទាំងមូល។
អង្គមហាសន្និបាត បានដំណើរការជាវគ្គ (Session):
- ការពិភាក្សាពិសេសនៃមន្រ្តីសមាជិកស្ថាបនិក និងមន្រ្តីជាន់ខ្ពស់តំណាងស្ថាបនិក
- ការជ្រើសរើសសមាជិកនាយកក្រុមប្រឹក្សា សម្រាប់ប្រធាន និងសមាជិក ០២រូប និងការអនុម័តធម្មនុញ្ញ នៃក្រុមប្រឹក្សាទឹកអាស៊ី ដោយមន្រ្តីសមាជិកស្ថាបនិក និងមន្រ្តីជាន់ខ្ពស់តំណាងស្ថាបនិក
- ការពិនិត្យជ្រើសរើសដោយអង្គមហាសន្និបាត ចំពោះស្ថាប័នតំណាងជាសមាជិកគណៈកម្មាធិការក្រុមប្រឹក្សាចំនួន ១១
- វគ្គពិសេសសម្រាប់ស្តាប់ និងពិភាក្សាលើការកំណត់គោលនយោបាយ និងយុទ្ធសាស្រ្ត ក្របខ័ណ្ឌការងាររបស់ក្រុមប្រឹក្សា ការសិក្សាអប់រំផ្នែកទឹក ដំណើរការរៀបចំអនុម័ត និងការអនុវត្តគម្រោងទឹក ដែលបានឯកភាពយល់ព្រមដោយគណៈកម្មាធិការនាយក
- កិច្ចប្រជុំគណៈកម្មាធិការពិសេសអំពី គម្រោងទឹក បង្ហាញពីបរិបទ និងខ្លឹមសារនៃគម្រោងដែលទទួលបានជោគជ័យ ក្នុងការសម្រាំងជ្រើសរើស
- វេទិកាស្តីពីធុរកិច្ចទឹក
- ទស្សនកិច្ចសិក្សាបច្ចេកទេសអំពី ការវិវត្តិរីកចម្រើននៃបច្ចេកវិទ្យាកសិកម្មបែបប្រពៃណី ដែលមានរក្សាទុកក្នុងសារមន្ទីរជាតិក្នុងកោះបាលី។
មហាសន្និបាត បានប្រព្រឹត្តទៅដោយជោគជ័យ ជាមួយនឹងលទ្ធផលជាផ្លែផ្កា ដែលសមាជិកមហាសន្និបាត បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងផ្នែកច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត និងផ្នែកបច្ចេកទេស សម្រាប់គ្រប់គ្រងធនធានទឹកតំបន់អាស៊ី កាន់តែមានប្រសិទ្ធភាព ដើម្បីឆ្ពោះទៅគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពដល់ឆ្នាំ២០៣០ ខាងមុខ។ ខ្លឺមសារនៃលទ្ធផលសម្រេចនៃអង្គមហាសន្និបាត នឹងមានការបូកសរុបដោយលេខាធិការដ្ឋាន ដាក់ជូនសមាជិកប្រទេសស្ថាបនិកជាផ្លូវការ នៅពេលបន្ទាប់៕