ភ្នំពេញ៖ នៅសាលប្រជុំនៃការិយាល័យ ធនាគារពិភពលោក ប្រចាំរាជធានីភ្នំពេញ ឯកឧត្តម វ់ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីរដ្ឋបាលជលផល បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំជាមួយ ក្រុមការងារបេសកកម្ម ធនាគារពិភពលោក គាំទ្រការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គកម្ពុជា ដែលថ្មីៗនេះកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានពិភាក្សាលើរបៀបវារៈសម្រាប់កិច្ចប្រជុំ ការបង្កើតក្រុមការងារ ក្រុមបច្ចេកទេស និងការអនុវត្តក្របខ័ណ្ឌការងារ សម្រាប់បរិស្ថាន និងសង្គម សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ។ មានមន្រ្តីចូលរួមចំនួន១៧រូប ជាតំណាងក្រុមការងារស្ថាប័នជាតិ និងការិយាល័យធនាគារពិភពលោកក្រុងភ្នំពេញ និងក្រុងបាងកក។
កិច្ចប្រជុំនឹងបន្តមានរយៈពេល ០៣ថ្ងៃ ១៤-១៥-១៦ ខែមិថុនា ឆ្នាំ២០១៦ នៅគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលនឹងពិភាក្សាអំពីកិច្ចការបច្ចេកទេសបន្ត សម្រាប់ដំណើរការត្រៀមអនុវត្តន៍គម្រោង ក្នុងនោះរួមមាន៖
- ការពិភាក្សាអំពីពេលវេលាសម្រាប់ចាប់ផ្តើមគម្រោង ដែលនឹងមានសិក្ខាសាលា នាសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០១៦
- ការពិភាក្សា និងបញ្ចប់ឯកសារណែនាំការប្រតិបត្តិគម្រោង
- ការរៀបចំលក្ខខណ្ឌការងារសម្រាប់ជំនាញការលទ្ធកម្ម និងគ្រប់គ្រងហិរញ្ញវត្ថុ
- ការរៀបចំលក្ខខណ្ឌការងារ និងកិច្ចការជ្រើសរើសជំនាញការជាតិ-អន្តរជាតិអនុវត្តន៍គម្រោង
- ការរៀបចំកិច្ចសន្យាសម្រាប់លទ្ធកម្មសំភារៈគម្រោង
- ការរៀបចំកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុ ផែនការថវិកាប្រចាំឆ្នាំ និងការរៀបចំសំណើប្រើប្រាស់ថវិកាគម្រោង៕