Developed by Khmer Focus
សិក្ខា​សា​លា​ថ្នាក់​ជាតិ​ស្តី​ពី ការ​ត្រួត​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​ការ​អនុវត្ត​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ ២០១៦-២០២០ (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦)

ភ្នំពេញ៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានរៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី ការ​ត្រួត​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​ការ​អនុវត្ត​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ ២០១៦-​២០២០ នៅ​សណ្ឋាគារ សាន់វេ រាជ​ធានី​ភ្នំពេញ ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​តំណាង​ក្រសួង-​ស្ថាប័ន​ជា​សមាជិក មន្រ្តី​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្រ្តី​ជំនាញ​នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ៤០រូប។

សិក្ខាសាលានេះមានគោលបំណងសំខាន់ដើម្បី៖

  • បង្ហាញជូន និងស្វែងយល់រួមគ្នាអំពីប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ
  • បង្ហាញជូន និងស្វែងយល់រួមគ្នាអំពីប្រព័ន្ធត្រួតពិនិត្យតាមដានភាពជឿនលឿននៃការអនុវត្តយុទ្ធសាស្រ្តរបស់ MRC និងផែនការចង្អុលថ្នាក់ជាតិ
  • ពិភាក្សា និងស្វែងយល់ពីប្រព័ន្ធ M&E ថ្នាក់ជាតិ សម្រាប់ផែនការចង្អុលថ្នាក់ជាតិ ការរៀបចំយន្តការ ដំណើរការ ក្រុមការងារ ឧបករណ៍ និងធនធានតម្រូវការសម្រាប់អនុវត្តន៍ប្រព័ន្ធ M&E
  • បង្ហាញអំពីការចូលរួមចំណែកនៃសកម្មភាពរបស់ផែនការចង្អុលថ្នាក់ជាតិដល់សូចនាករនៃលទ្ធផលរួមរបស់ MRC និង
  • ពិភាក្សាកិច្ចការប្រាំឆ្នាំនៃការងារផែនការចង្អុលថ្នាក់ជាតិ។

ឯកឧត្តម តែ ណាវុធ ប្រធានអង្គសិក្ខាសាលា បានបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានកាតព្វកិច្ចចូលរួមអនុវត្តន៍ និងសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ កាន់តែមានប្រសិទ្ធភាព និងបានផលប្រយោជន៍សម្រាប់ប្រទេសជាតិ ដោយធ្វើការជិតស្និទ្ធជាមួយក្រសួងស្ថាប័នសមាជិក និងគណៈកម្មការទន្លេមេគង្គ អនុវត្តន៍ផែនការយុទ្ធសាស្រ្ត MRC ២០១៦-២០២០ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០ និងជាពិសេសអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់ខ្លួន ២០១៦-២០២០ និងអនុវត្តន៍ផែនការចង្អុលថ្នាក់ជាតិ ២០១៦-២០២០ មានប្រសិទ្ធភាព និងទទួលបានផលសម្រេច។ ឯកសារផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០១៦-២០២០ របស់កម្ពុជាត្រូវបានរៀបចំឡើងសម្រាប់អនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ គឺជាបណ្តុំនៃបណ្តាគម្រោងជាតិ-គម្រោងឆ្លងដែន ដែលមានផលប្រយោជន៍សំខាន់ក្នុងតំបន់ និងបណ្តាសកម្មភាពជាតិ និងសកម្មភាពសំខាន់ៗសម្រាប់បំពេញមុខងារស្នូលនៃការគ្រប់គ្រងអាងទន្លេមេគង្គរបស់ប្រទេសជាសមាជិក។ ផែនការចង្អុលថ្នាក់ជាតិ ជាសមិទ្ធផលមួយសំខាន់សម្រាប់ប្រទេស ដែលឯកសារផែនការនេះ ផ្សារភ្ជាប់នឹងទស្សនៈជាយុទ្ធសាស្រ្តនៃការអភិវឌ្ឍអាងទន្លេ ទៅនឹងការធ្វើសេចក្តីសម្រេចកសាងផែនការ និងដំណើរការអភិបាលកិច្ចនៅកម្រិតជាតិ ដោយការធ្វើសមាហរណកម្មផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផែនការតាមវិស័យ ៥ឆ្នាំ និងកសាងផែនការការងារប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ពាក់ព័ន្ធនឹងប្រធានបទនៃអង្គសិក្ខាសាលា ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ គឺជាក្របខ័ណ្ឌ ឬអភិក្រម ដែលត្រូវបានប្រើប្រាស់ មិនសម្រាប់តែដើម្បីបំពេញតម្រូវការនៃដៃគូអភិវឌ្ឍន៍ ឬប្រទេសផ្តល់ជំនួយ សម្រាប់ធានាប្រសិទ្ធភាពថវិកាតែប៉ុណ្ណោះទេ តែសម្រាប់ធានាថា បណ្តាគម្រោង កម្មវិធី ឬគោលនយោបាយ យុទ្ធសាស្រ្ត ត្រូវបានអនុវត្តន៍ដោយមានប្រសិទ្ធភាព និងធនាភាពជោគជ័យ ដែលបង្ហាញពីដំណើរការទៅមុខ អាចវាស់វែងបាន និងសម្រេចផលតាមគោលបំណង និងគោលដៅរំពឹងទុក។ ប្រព័ន្ធនេះ គឺឧបករណ៍សម្រាប់ត្រួតពិនិត្យតាមដាន និងវាយតម្លៃ ជាតម្រូវការចាំបាច់ សម្រាប់មន្រ្តី ឬយន្តការទទួលបន្ទុកដែលត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រើប្រាស់ជាក់ស្តែង។ ការជួយពង្រឹងសមត្ថភាពមន្រ្តី ដើម្បីយល់កាន់តែច្បាស់ និងអនុវត្តន៍ក្របខ័ណ្ឌវាយតម្លៃនេះ ពិតជាការចាំបាច់ណាស់សម្រាប់ដំណើរការការងារគ្រប់គ្រងរបស់ក្រសួង-ស្ថាប័ន៕