ភ្នំពេញ៖ មន្ត្រីនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ CNMC បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមបេសកកម្មធនាគារពិភពលោក ដែលមកបំពេញការងារដឹកនាំដោយលោក Greg Browder ប្រធានក្រុម មានរយៈពេល ០៥ថ្ងៃ គឺ ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ សម្រាប់ជួយគាំទ្រដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះតំណាក់កាលទី៣ នៅកម្ពុជា។ ដំណើរការប្រជុំចាប់ផ្តើមការងារនេះ មានការអញ្ជើញចូលរួមពីមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តី CNMC មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីរដ្ឋបាលជលផល និងក្រុមបេសកកម្ម សរុបចំនួន ២២រូប។
កិច្ចប្រជុំបានស្តាប់របាយការណ៍ពីការវិវត្តរីកចម្រើននៃសមាសភាគគម្រោងនីមួយៗ លើកិច្ចការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ និងបានពិភាក្សា ការឯកភាពជម្រុញការអនុវត្តផែនការបន្តទៅថ្ងៃមុខ។ ០៤ថ្ងៃបន្តខាងមុខ និងមានការពិភាក្សាជាមួយនាយកដ្ឋានជំនាញស្តីពី ការងារបច្ចេកទេសគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងធនធានជលផល ការងារលទ្ធកម្មសម្រាប់ជ្រើសរើសជំនាញការ ការរៀបចំលក្ខខណ្ឌការងារសម្រាប់ក្រុមហ៊ុនជំនាញការ និងការរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី ការរៀបចំប្រព័ន្ធគ្រប់គ្រងជលសាស្រ្ត និងឧតុនិយមនៅភូមិភាគឦសាន៕