Developed by Khmer Focus
សិក្ខា​សាលា​ផ្សព្វផ្សាយ​ការ​ចាប់​ផ្តើម​អនុវត្ត​សមាសភាគ១ នៃ​គម្រោង​គ្រប់គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់កាលទី៣ (ថ្ងៃទី ១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ និង​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​សិក្ខា​សាលា​ផ្សព្វផ្សាយ ការ​ចាប់​ផ្តើម​អនុវត្ត​សមាសភាគ១ នៃ​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាលទី៣ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ជលផល នៅ​ទីក្រុង​សៀមរាប ដោយ​មាន​សមាសភាព​ចូល​រួម​ចំនួន ៥៨រូប រួមមាន មន្រ្តីក្រុមការងារអនុវត្តគម្រោង នៃរដ្ឋបាលជលផល ថ្នាក់ជាតិ ថ្នាក់ខេត្ត មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីធនាគារពិភពលោក និងតំណាងអង្គការ NGOs។  ឯកឧត្តម តែ ណាវុធ បានចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុករដ្ឋបាលជលផល និងមន្រ្តីតំណាងធនាគារពិភពលោក បានថ្លែងស្វាគមន៍អង្គសិក្ខាសាលាជាមួយនឹងការជម្រាបជូនប្រវត្តិសំខាន់ៗជុំវិញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ នៃគណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍន៍ធនាគារពិភពលោក និងរាជរដ្ឋភិបាលកម្ពុជា ដែលបានប្រសូតគម្រោងគ្រប់គ្រងធន ធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ ដែលមានសមាសភាគ២ គឺ ទី១ គម្រោងគ្រប់គ្រងជលផល និងទី២ គម្រោងគ្រប់គ្រងធនធានទឹកតំបន់ឦសាននៃប្រទេស។ ឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់នៃគម្រោង ដែលគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ និងបណ្តានីតិវិធីប្រើប្រាស់ទឹកទាំង៥។ ឯកឧត្តម វ៉ាត់ បុត្តកុសល បានចូលរួមផ្តល់បទឧទ្ទេសនាមជូនអង្គសិក្ខាសាលា ស្តីពីសារៈសំខាន់នៃអាងទន្លេ និងការគ្រប់គ្រងធនធានទឹក និងផលប៉ះពាល់លើអាងទន្លេ បណ្តាលមកពីគម្រោងអភិវឌ្ឍន៍ទឹកផ្សេងៗ៕