ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានទទួលជួបជាមួយមន្រ្តីនៃនាយកដ្ឋានកសិកម្ម សហរដ្ឋអាមេរិក (USDA) ក្នុងគោលបំណងស្វែងយល់អំពីវិស័យអាទិភាព និងបញ្ហាប្រឈមសំខាន់ៗនៅកម្ពុជា ក្នុងនោះវិស័យកសិកម្ម និងវិស័យគ្រប់គ្រងធនធានទឹក ក្នុងបរិបទការគ្រប់គ្រង និងអភិវឌ្ឍអាងទន្លេមេគង្គ។ ជាការឆ្លើយតប ឯកឧត្តមបានជម្រាបជូនអំពីបេសកកម្ម និងតួនាទីស្នូលរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងការងារទឹក និងធនធានពាក់ព័ន្ធទឹក ក្នុងបរិបទទន្លេមេគង្គ ដោយសហការជាមួយក្រសួងសមាជិក និងអនុវត្តន៍ការងារកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិក ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ ជម្រាបអំពីសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ការអនុវត្តកម្មវិធីកសិកម្ម និងធារាសាស្រ្ត និងភាពប្រឈមនានាក្នុងការអភិវឌ្ឍវិស័យនេះ ភ្ជាប់នឹងសន្តិសុខស្បៀង។ កិច្ចប្រជុំក៏បានពិភាក្សាលំអិតអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងនាយកដ្ឋានកសិកម្ម សហរដ្ឋអាមេរិកនាពេលអនាគត ក្នុងការជួយពង្រឹងសមត្ថភាពជំនាញ ចំណេះដឹង ការគ្រប់គ្រង និងការកសាងផែនការ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកទេស ក្នុងផ្នែកកសិកម្ម ធនធានទឹក និងបរិស្ថាន ដែលនឹងជួយគាំទ្រការអភិវឌ្ឍដោយចីរភាព ពង្រឹង និងពង្រីកផលិតផលកសិកម្ម និងជីវភាពរបស់ប្រជាកសិករជាដើម។ ការពិភាក្សាក៏ផ្តោតលើកិច្ចសហប្រតិបត្តិការឆ្លងដែន ដែលប្រទេសជាសមាជិកមានទន្លេហូរឆ្លងកាត់រួមគ្នា ដែលតម្រូវឱ្យមានកិច្ចសហការជិតស្និទ្ធ ជាពិសេសការអភិវឌ្ឍដែលឆ្លើយតបការចែករំលែកផលប្រយោជន៍គ្នា និងដំណោះស្រាយនៃផលប៉ះពាល់អវិជ្ជមានពីការអភិវឌ្ឍជាដើម៕