Developed by Khmer Focus
កិច្ចប្រជុំលើកទី២ គណៈកម្មការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ (ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨)

ភ្នំពេញ៖ នៅ​ទីស្តីការ​ក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធានគណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​កំពូល​គណៈកម្មការទន្លេមេគង្គ លើកទី៣ បាន​ដឹកនាំ​កិច្ចប្រជុំ គណៈ​កម្មការ​រៀបចំកិច្ចប្រជុំកំពូល លើកទី២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យ វាយតម្លៃលើលទ្ធផលការងារដែលអនុគណៈកម្មការទាំង ៤ (អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន និងសិល្បៈ, អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងអនុគណៈកម្មការឯកសារ និងផ្សព្វផ្សាយព័ត៌មាន) សម្រេចបាន។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអនុគណៈកម្មការនីមួយៗសម្រេចបាន (ពី ៧០-៨០%) និងផ្តល់អនុសាសន៍បន្ថែមលើការងារដែលនៅសេសសល់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០២-០៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅទីក្រុងសៀមរាប ទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។ សូមបញ្ជាក់ជូនថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ដោយមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកទន្លេមេគង្គ ឡាវ ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេសជាដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា)។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីបណ្តាប្រទេសដែលជាដៃគូអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ ព្រមទាំងអ្នកជំនាញ អ្នកបច្ចេកទេស សង្គមស៊ីវិល ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក សរុបប្រមាណ ៣៥០នាក់៕