Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងដំបូង នៃផែនការការងារឆ្នាំ២០១៩ (ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​ដំបូង នៃ​ផែនការ​ការ​ងារ របស់​គណ:​កម្មការ​ទន្លេ​មេគង្គ សម្រាប់​ឆ្នាំ២០១៩ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ ជា​មួយ​ការងារ MRC របស់​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ និង​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ការងារ MRC ដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណ:ការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះ មានគោលបំណង​៖ (១) បង្ហាញជូនពីគោលគំនិតរួមនៃការរៀបចំឯកសារសេចក្តីព្រាងផែនការការងារ របស់ MRC សម្រាប់ឆ្នំា២០១៩ ដែលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ MRC ២០១៦-២០២០ លើលទ្ធផលគន្លឹះ ៤ សូចនាករលទ្ធផលសម្រេចទាំង៧ តួយ៉ាងក្នុងឆ្នាំ២០១៨ លទ្ធផលអនុវត្តបាន ៣៣ សកម្មភាពចំនួន ១៣៣ និងភារកិច្ចចំនួន ៣៣៤ (២) ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងនេះ ដោយផ្តោតលើសកម្មភាពជាអាទិភាព និងភារកិច្ចដែលនឹងត្រូវអនុវត្តនៅក្នុងផែនការការងារ របស់ MRC ឆ្នាំ២០១៩ និង (៣)​ ប្រមូលយោបល់ និងអនុសាសន៍របស់អង្គប្រជុំពេលនេះ ដើម្បីជាធាតុចូលសម្រាប់កែលំអឯកសារព្រាងនេះ​ និងសម្រាប់ពិភាក្សាបន្តក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់នៅក្នុងខែតុលា ខាងមុខនេះ៕