វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារ របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ការណែនាំលើការកែសម្រួល និងធ្វើបច្ចុប្បន្នភាពនៃសៀវភៅណែនាំចំនួន ៤ ក្នុងនោះមាន នីតិវិធីគ្រប់គ្រង និងប្រើប្រាស់បុគ្គលិក រដ្ឋបាល ហិរញ្ញវត្ថុ កិច្ចលទ្ធកម្ម របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ MRCS ដើម្បីឱ្យមានប្រសិទ្ធិភាព សាកសិទ្ធភាព និងត្រឹមត្រូវ អនុលោមតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ព្រមទាំងវិធាន និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា គណៈកម្មាធិការរួម និងលេខាធិការដ្ឋាន MRC ដែលបានកំណត់ជាឯកសារគោលដ៏សំខាន់របស់ស្ថាប័ន MRC។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ វៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC៕