Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ស្តីពីការដំណើរការពិគ្រោះយោបល់ជាមុនសម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ (ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី១ ស្តីពី​ការ​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជា​មុន សម្រាប់​គម្រោង​វារីអគ្គិសនី ប៉ាក់ឡាយ របស់​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៃ​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រាជធានី-ខេត្ត តំណាងសង្គមស៊ីវិល គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងតំណាងសហគមន៍។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីឱ្យអ្នកចូលរួមទាំងអស់បានយល់ដឹងអំពី កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីទាំង៥ របស់គណៈកម្មការទន្លេមេគង្គ ជាពិសេសលើនីតិវិធី ស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA) និងដើម្បីប្រមូលនូវរាល់អនុសាសន៍ពីអ្នកចូលរួមទាំងអស់លើឯកសារគម្រោង ប៉ាក់ឡាយ​ ដែលភាគីឡាវបានបញ្ជូនមក សម្រាប់ការពិគ្រោះយោបល់ជាមុន និងការពិនិត្យឡើងវិញផ្នែកបច្ចេកទេសលើឯកសារគម្រោង ប៉ាក់ឡាយ ដែលបានធ្វើឡើងដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ សូមជម្រាបជូនថា គម្រោងវារីអគ្គីសនី ប៉ាក់ឡាយ នេះ ជាគម្រោងលើទន្លេមេទី៤ របស់ឡាវ បន្ទាប់ពីគម្រោង សាយ៉ាបូរី គម្រោងដនសាហុង និងគម្រោង ប៉ាក់បេង៕