Developed by Khmer Focus
សិក្ខាសាលាចាប់ផ្តើមគម្រោងថ្នាក់តំបន់ស្តីពី ការជម្រុញប្រសិទ្ធភាពយុទ្ធសាស្រ្តថ្នាក់តំបន់ (ថ្ងៃទី ០៣-០៥ ខែតុលា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ បាន​ចូល​រួម​សិក្ខា​សាលា ចាប់ផ្តើម​គម្រោង​ថ្នាក់​តំបន់​ស្តីពី ការ​ជម្រុញ​ប្រសិទ្ធភាព​យុទ្ធសាស្រ្ត​ថ្នាក់​តំបន់ ប្រយុទ្ធ​ប្រឆាំង និង​លុប​បំបាត់​ការ​នេសាទ​ខុស​ច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត (IUU Fishing) ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ប្រទេស​ក្នុង​តំបន់​មេគង្គ ដើម្បីជម្រុញនិរន្តរភាពនៃការគ្រប់គ្រងជលផលមេគង្គ  ក្រោមជំនួយពិសេសរបស់ប្រទេសចិន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡាងសាង-មេគង្គ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ជាស្ថាប័នដឹកនាំអនុវត្តន៍គម្រោង) ក្រោមអធិបតីភាព ឯកឧត្តម សុក សីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានអគ្គលេខាធិការដ្ឋាន ឡាងសាង-មេគង្គកម្ពុជា ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ឯកឧត្តម ហាស ណារ៉េត រដ្ឋលេខាធិការ និងមានមន្រ្តីតំណាងស្ថាប័នពាក់ព័ន្ធមកពីប្រទេសចំនួន៦គឺ កម្ពុជា ឡាវ ថៃ វៀតណាម ភូមា និងចិន និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។

សិក្ខាសាលានេះមានគោលបំណងពិភាក្សា និងស្វែងយល់ពីបរិបទច្បាប់ គោលនយោបាយ បទពិសោធន៍អន្តរជាតិ និងប្រទេសជាសមាជិកមេគង្គ ទាក់ទងការធ្វើនេសាទខុសច្បាប់ មិនមានរបាយការណ៍ និងមិនមានការអុនញ្ញាត (IUU Fishing) ក្នុងតំបន់សមុទ្រ ដើម្បីយកមកអនុវត្តក្នុងវិស័យជលផលទឹកសាបក្នុងអាងទន្លេមេគង្គ-ឡាងសាង បានកំណត់អំពីបញ្ញាទាក់ទងនឹង IUU Fishing នៅក្នុងប្រទេសនីមួយៗ រួមនិងបញ្ហាប្រឈមនានា និងដំណោះស្រាយជារួម និងពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តរួម ដើម្បីប្រឆាំង និងលប់បំបាត់សកម្មភាព IUU ក្នុងវិស័យជលផលទឹកសាប ដែលប្រទេសទាំង៦ ត្រូវឯកភាពអនុម័តរួមគ្នា និងយកទៅអនុវត្ត តាមរយៈការលើកសំណើគម្រោងអន្តរាគមន៍នាពេលខាងមុខ៕