ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធនទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ របស់គណៈកម្មការទន្លេមេគង្គ (MRC) ឆ្នាំ២០១៦-២០២០ ដែលដឹកនាំដោយលោក ជេរេមី ប៊ឺត (Jeremy Bird) ប្រធានក្រុមបេសកកម្ម និងជាអតីតនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍ដោយឯកឧត្តមរដ្ឋមន្រ្តី និងការជម្រាបជូនអំពីគោលបំណងនៃបេសកកម្ម ដោយលោក ជេរេមី ប៊ឺត រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែល MRC សម្រេចបានតាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តឆ្នាំ២០១៦-២០២០ ក្នុងការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ និងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការ និងគាំទ្រយ៉ាងសកម្មក្នុងគោលដៅយុទ្ធសាស្រ្តដ៏មានសារសំខាន់នេះ។
ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាព និងភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្រ្ត ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ជាគន្លឹះមួយចំនួនដែលត្រូវគិតគូរ និងយកចិត្តទុកដាក់ ដូចខាងក្រោម ៖
១. ត្រូវខិតខំបន្តលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតាមបទដ្ឋានគតិយុត្តិជាធរមាន និងការសម្រេចរបស់ក្រុមប្រឹក្សា និងគណៈកម្មាធិការរួម MRC និងមានកិច្ចសហការល្អជាមួយប្រទេសជាសមាជិក
២. ត្រូវពិនិត្យ និងធ្វើការវាយតម្លៃឡើងវិញ ការងាររបស់គណៈកម្មការទន្លេមេគង្គ
៣. ត្រូវបន្តខិតខំពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការតំបន់ និងត្រូវកំណត់ការងារទទួលខុសត្រូវឱ្យបានច្បាស់លាស់ក្នុងចំណោមយន្តការតំបន់នានា
៤. ត្រូវបង្កើនការយកចិត្តទុកដាក់លើការពង្រឹងការព្យាករណ៍ទឹកជំនន់ គ្រោះរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយភាពសុក្រឹត្យ និងបានទាន់ពេលវេលា
៥. ត្រូវបង្កើនសមត្ថភាពមន្រ្តីជំនាញនៃប្រទេសជាសមាជិកលើគ្រប់ជំនាញពាក់ព័ន្ធ ដោយផ្អែកលើតម្រូវការចាំចាច់ជាក់ស្តែង
៦. ត្រូវពិនិត្យ និងដាក់បញ្ចូលសកម្មភាពជាអទិភាព ដែលបានកំណត់ក្នុងសេចក្តីថ្លែងការណ៍ក្រុងសៀមរាប នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ក្នុងផែនការយុទ្ធសាស្រ្តបច្ចុប្បន្ន និងខាងមុខ និងត្រូវជម្រុញការអនុវត្តឱ្យមានប្រសិទ្ធភាព
៧. ត្រូវបន្តខិតខំក្នុងការគៀងគររកជំនួយ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តឱ្យបានពេញលេញ។
លោក ជេរេមី ប៊ឺត តំណាងក្រុមបេសកកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ ឆ្លៀតពេលអនុញ្ញាតឱ្យក្រុមការងាររបស់លោក បានចូលជួបសំដែងការគួរសម និងបានទទួលនូវអនុសាសន៍ដ៏ល្អៗ សម្រាប់ពង្រឹងការអនុវត្តផែនការយុទ្ធសាស្រ្តបច្ចុប្បន្ន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសង្ឃឹមថា បេសកកម្មនេះ នឹងរកឃើញនូវចំណុចវិជ្ជមាន ដែលត្រូវពង្រឹងបន្ថែម និងចំណុចខ្វះខ្វាត និងការងារជាអទិភាពដែលត្រូវយកចិត្តទុកដាក់ សម្រាប់ប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត MRC ឆ្នាំ២០១៦-២០២០ និងក៏ជាទុនសម្រាប់ការរៀបចំ និងការអនុវត្តផែនការយុទ្ធសាស្រ្តដំណាក់កាលបន្ទាប់របស់ MRC។ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមបេសសកម្ម ឱ្យទទួលបានជោគជ័យសម្រាប់កិច្ចការដ៏មានសារសំខាន់នេះ៕