Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការដំណើរការពិគ្រោះយោបល់ជាមុន លើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ​ អនុប្រធាន​អចិន្រ្តៃយ៍ នៃ​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ (ចុងក្រោយ) ស្តីពី ការដំណើរការពិគ្រោះយោបល់ជាមុន លើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ ​ដោយ​មាន​ការ​ចូល​រួមពី​មន្ត្រីក្រុមការងារមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ​ថ្នាក់ជាតិ​​ និងថ្នាក់ខេត្ត អង្គការសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖ (១) លើកកម្ពស់ការយល់ដឹងបន្ថែមដល់អ្នកចូលរួមទាំងអស់ លើកិច្ចព្រមព្រៀងមេគង្គ​ឆ្នាំ១៩៩៥ នីតិវិធី​ទាំង៥ របស់ MRC និងជាពិសេស នីតិវិធី​ PNPCA ស្តីពីការជូនដំណឹង​ ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង ដែលបានអនុវត្តក្នុងគម្រោងទំនប់វារីអគ្គិសនី​ (២) ពិនិត្យ​ និងពិភាក្សាលើពង្រាងរបាយការណ៍បច្ចេកទេស របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ លើសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ និង (៣) ប្រមូលមតិយោបល់ពីអ្នកចូលរួមកិច្ចប្រជុំ ដែលមកពីស្ថាប័នពាក់ព័ន្ធ សម្រាប់រៀបចំបំពេញទម្រង់ឆ្លើយតបទៅប្រទេសសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ​ របស់ឡាវ។

សូមជម្រាបបញ្ជាក់ជូនថា គម្រោងទំនប់វារីអគ្គិសនី ប៉ាក់ឡាយ នេះ​ ជាគម្រោងទី៤​ ដែលបានដាក់សម្រាប់ការពិគ្រោះយោបល់ក្នុងឆ្នាំ២០១៨នេះ។ គម្រោងទី១ គឺទំនប់វារីអគ្គិសនី សាយ៉ាបូរី បានដាក់ពិគ្រោះយោបល់ក្នុងឆ្នាំ២០១០ គម្រោងទី២ ទំនប់វារីអគ្គិសនី ដន សាហុង បានពិគ្រោះ​យោបល់ក្នុងឆ្នាំ២០១៤ និងគម្រោងទី៣ ទំនប់វារីអគ្គិសនី​ ប៉ាក់បេង បានដាក់ពិគ្រោះ​យោបល់ក្នុងឆ្នាំ២០១៧៕