Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សេចក្តីព្រាងរបាយការណ៍វាយតម្លៃលើ ផែនការយុទ្ធសាស្ត្ររបស់ MRC (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩)

លួងប្រាបាង្គ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​ក្រុមការងារ​កម្ពុជា រួមមាន ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការ​រង លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ និងលោក តុង សេង មន្ត្រីមកពី​ក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សេចក្តីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្ត្រ របស់គណៈកម្មកាទន្លេមេគង្គ (២០១៦-២០២០) ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ មន្ត្រីលេខាធិការដ្ឋាន MRC និងក្រុមការងារ MTR។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំ គឺ (១) ពិនិត្យឡើងវិញលើការអនុវត្តការងារពាក់កណ្តាលអាណត្តិ ពីឆ្នាំ២០១៦-២០១៨ នៃផែនការយុទ្ធសាស្ត្រ​ ៥ឆ្នាំ (២០១៦-២០២០) របស់ MRC ដោយផ្តោតលើលទ្ធផលដែលបានឯកភាព និងសកម្មភាពនានា ដែលបានកំណត់ (២) វាយតម្លៃពីវឌ្ឍនភាពនៃការអនុត្តសកម្មភាពនានាសម្រេចបានលទ្ធផលតាមផលសម្រេចទាំង៧ (៣) ផ្តល់អនុសាសន៍លើដំណោះស្រាយបញ្ហានានា ដែលមាន​ក្នុងបច្ចុប្បន្ន រួមទាំងសកម្មភាពត្រួតពិនិត្យ តាមដានការងារវិមជ្ឈការ របស់MRC សម្រាប់រយៈពេលវែង​ និង (៤) ផ្តល់អនុសាសន៍លើការកែលម្អដល់ដំណើរការអនុវត្តសកម្មភាព និងលទ្ធផលគន្លឹះជាអាទិភាព ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ ២០១៩-២០២០ នៃផែនការយុទ្ធសាស្ត្រ ។

យោបល់ និងអនុសាសន៍របស់អង្គប្រជុំ សម្រាប់ក្រុមការងារវាយតម្លៃ MTR នឹងរៀបចំកែលម្អសេចក្តីព្រាងរបាយការណ៍ខាងលើ ហើយនៅ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បញ្ជូនទៅប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ ជួយផ្តល់យោបល់បន្ថែមទៀត។ ក្រុមវាយតម្លៃ MTR នឹងបញ្ចប់រៀបចំរបាយការណ៍ចុងក្រោយស្តីពី ការវាយតម្លៃពាក់កណ្តាលអាណត្តិលើការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩៕