Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការអនុវត្តការបញ្ជ្រាបផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំប្រែប្រួលអាកាសធាតុមេគង្គ (ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការអនុវត្តការបញ្ជ្រាបផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំប្រែប្រួលអាកាសធាតុមេគង្គ និងកាលានុវត្តភាពទទួលស្គាល់ស្ថាប័នជាផ្លូវការ នៃគណៈកម្មការទន្លេមេគង្គ ចំពោះមូលនិធិអាកាសធាតុ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាធរទន្លេសាប មន្ត្រីសម្របសម្រួលពី MRCS អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិ។

គោលបំណងនៃកិច្ចប្រជុំគឺ៖

- ណែនាំ ពិភាក្សា និងផ្តល់យោបល់លើកឡើងអំពី ការអនុវត្តផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំប្រែប្រួលអាកាសធាតុមេគង្គ (MASAP) និងបច្ចុប្បន្នកម្មស្ថានភាពនៃការបន្ស៊ាំជាតិនឹងការប្រែប្រួលអាកាសធាតុ (ផែនការនៃការរួមចំណែកប្តេជ្ញាអនុវត្តនៅថ្នាក់ជាតិ ផែនការជាតិបន្ស៊ាំជាដើម ។ល។

- ណែនាំ និងពិភាក្សាអំពីរចនាបថនៃមូលនិធិអាកាសធាតុ មូលនិធិបន្ស៊ាំ UNFCCC និងមូលនិធិអាកាសធាតុបៃតង

- ពិភាក្សា និងផ្តល់យោបល់អំពីកាលានុវត្តភាព និងស្នើឡើងជាផែនទីបង្ហាញផ្លូវ របស់គណៈកម្មការទន្លេមេគង្គតំបន់ ដើម្បីក្លាយជាស្ថាប័នទទួលស្គាល់ជាផ្លូវការ ចំពោះមូលនិធិអាកាសធាតុ រួមទាំងមូលនិធិបន្ស៊ាំ និងមូលនិធិអាកាសធាតុបៃតង៕