កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៣ (ចុងក្រោយ) ស្តីពី ការពិគ្រោះយោបល់ជាមុន សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់ ឡាយ របស់ឡាវ ដោយមានការចូលរួមពីសមាជិកក្រុមការងារ PNPCA PLHPP និងតំណាងមកពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល អាជ្ញាធរទន្លេសាប វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អង្គការជលផលពិភពលោក និងក្រុមជំនាញការថ្នាក់ជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី៖
(១) ពិនិត្យ និងផ្តល់យោបល់បន្ថែមចុងក្រោយ លើរបាយការណ៍ផ្នែកបច្ចេកទេស (TRR) របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ រួមមានផ្នែកជលផល កករដី គុណភាពទឹក ជលសាស្ត្រ នាវាចរណ៍ សុវត្ថិភាពទំនប់ និងសេដ្ឋកិច្ចសង្គម និង
(២) ពិនិត្យផ្តល់យោបល់លើយោបល់រួមរបស់កម្ពុជាឆ្លើយតបជាផ្លូវការ តាមរយៈទម្រង់ឆ្លើយតប របស់ MRC លើសំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ របស់ឡាវ Cambodia 's Reply Form for PLHPP៕