Developed by Khmer Focus
ប្រជុំក្រុមការងារថ្នាក់ជាតិលើកទី៤ នៃគម្រោងសហប្រតិបត្តិការឆ្លងដែនសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត (ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិ នៃគម្រោងសហប្រតិបត្តិការឆ្លងដែនសម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី៤ នៃគម្រោង ដើម្បីពិនិត្យសេចក្ដីព្រាងរបាយការណ៍ C ស្ដីពី វិធានការរួមក្នុងការកាត់បន្ថយហានិភ័យដោយទឹកជំនន់ និងគ្រោះរាំងស្ងួត នៅតំបន់ព្រំដែន ក្នុងអនុអាង 9C និង 9T នៃខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងផែនការ អាជ្ញាធរទន្លេសាប ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរពាក់ព័ន្ធ នៃខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្រុមការងារ GIZ/JBA គណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

លទ្ធផលនៃកិច្ចប្រជុំទទួលបាន៖

- ឯកភាពលើសេចក្ដីព្រាងរបាយការណ៍ C

- ឯកភាពលើការកំណត់អាទិភាពនៃការកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលចែកចេញជា ៣ផ្នែករួមមានផ្នែកឆ្លងដែន ផ្នែកសហប្រតិបត្តិការឆ្លងដែន និងផ្នែកតំបន់ ក្នុងនោះ៖

          + ការកាត់បន្ថយទឹកជំនន់មាន ១៣ចំណុច៖ ផ្នែកឆ្លងដែនមាន ៤ចំណុច ផ្នែកសហប្រតិបត្តិការឆ្លងដែនមាន ៥ចំណុច និងផ្នែកតំបន់មាន ៤ចំណុច

          + ការកាត់បន្ថយគ្រោះរាំងស្ងួតមាន ១០ចំណុច៖ ផ្នែកឆ្លងដែនមាន ៤ចំណុច ផ្នែកសហប្រតិបត្តិការឆ្លងដែនមាន ៣ចំណុច និងផ្នែកតំបន់មាន ៣ចំណុច៕