បាងកក៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុម បានដឹកនាំសមាជិកគណៈកម្មការដឹកនាំគម្រោងកម្ពុជា រួមមានឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីតំណាងក្រសួងផែនការ និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី៣ នៃគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាមួយសមាជិកគណៈកម្មការដឹកនាំគម្រោងថៃ ដែលសម្របសម្រួលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ទ្រទ្រង់ថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ)។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សា និងធ្វើការសម្រេចទៅលើរបាយការណ៍ C ស្ដីពី សំណើអាទិភាព នៃវិធានការកាត់បន្ថយទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ជាលទ្ធផល គណៈកម្មការដឹកនាំគម្រោងបានឯកភាព និងសម្រេចលើរបាយការណ៍ C និងបានផ្តល់អនុសាសន៍ដល់ក្រុមការងារ JBA ឱ្យបកប្រែរបាយការណ៍ទាំងបី (A, B, និង C) ជាភាសាជាតិ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់មូលដ្ឋាន៕