Developed by Khmer Focus
សិក្ខាសាលានៃការចាប់ផ្តើមប្រតិបត្តិគម្រោង ស្តីពី ការគាំទ្រដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកនៅក្នុងអាងទន្លេ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជា​នាយកគម្រោង គ្រប់គ្រងធនធាន​ទឹកចម្រុះ​មេគង្គ តំណាក់កាល​ទី៣ សមាសភាគ​ទី២ បាន​ចូល​រួម និង​ដឹកនាំ​សិក្ខាសាលា​នៃការ​ចាប់ផ្តើមប្រតិបត្តិគម្រោង MIWRMP-III សមាសភាគ​ទី២ ស្តីពី “ការគាំទ្រដើម្បីធ្វើឱ្យប្រសើរឡើង​នូវការគ្រប់គ្រង​ធនធានទឹក នៅក្នុងអាងទន្លេ សេកុង-សេសាន-ស្រែពក (3S) និងអាងព្រែកទាំង៤ (4P)" ដោយមានសមាសភាពចូលរួមមានមន្រ្តីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិរបស់គម្រោងសមាសភាគទី២ ក្រុមទីប្រឹក្សាជាតិ និងអន្តរជាតិរបស់ DHI និង eWater តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។

អង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលរួមមានដូចខាងក្រោម៖

•  បានបង្ហាញអំពីសកម្មភាពរួមរបស់គម្រោង តាមរយៈរបាយការណ៍បឋម (Inception Report) និងវិធីសាស្រ្តគោលសម្រាប់អនុវត្តន៍ លទ្ធផលផែនការសកម្មភាព និងភាពប្រឈមនានាក្នុងការអនុវត្តគម្រោង ហើយបានទទួលបាននូវមតិយោបល់កែលម្អបន្ថែមមកវិញពីអង្គសិក្ខាសាលា

•  បានបង្កើនការយល់ដឹងអំពីគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សមាសភាគទី២ ដោយសង្ខេបលើប្រវត្តិ គោលបំណងគម្រោង ស្ថានភាពអនុវត្តន៍ជាក់ស្តែង លទ្ធផលរំពឹងទុក ជាពិសេសសារៈសំខាន់នៃប្រព័ន្ធគាំទ្រការធ្វើសេចក្តីសមេ្រច (DSS) ក្នុងការអភិវឌ្ឍ និងការធ្វើផែនការគ្រប់គ្រងធនធានទឹក ដែលមានភាគីពាក់ព័ន្ធចូលរួម និងផលប្រយោជន៍ដែលភាគីពាក់ព័ន្ធទាំងនោះនឹងទទួលបានពីគម្រោង

•  បានផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការកំណត់កលានុវត្តភាព សក្តានុពល និងបញ្ហាប្រឈមនានា និង

•  បានកំណត់ការបន្សីគ្នានឹងកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយបណ្តាគម្រោង និងសកម្មភាពផ្សេងៗទៀតក្នុងតំបន់គោលដៅគម្រោង៕