Developed by Khmer Focus
សិក្ខាសាលាតំបន់ ស្តីពីទស្សនវិស័យអនាគតទន្លេមេគង្គ (ថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណ:កម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា លោក សាខុន ប៉ូរី អនុប្រធាន​នាយកដ្ឋាន និងលោក ស៊ិន សំណព្វ មន្រ្តីបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃ​គណ:​កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមសិក្ខាសាលាតំបន់ស្តីពីទស្សនវិស័យអនាគតទន្លេមេគង្គ ដែលរៀបចំដោយ វិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព ក្រោមអធិបតីភាពឯកឧត្តម ពូ សុធីរៈ នាយកប្រតិបត្តិ វិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព និងការចូលរួមពី ឯកឧត្តម ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្រ្តីតំណាងស្ថានទូតសហរដ្ឋអាមេរិក ព្រះសង្ឃ វាគ្មឹន មន្រ្តីតំណាងក្រសួង ស្ថាប័នជំនាញថ្នាក់ជាតិ នៃប្រទេសទាំង ៦ (ចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា) សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវជាតិ និងអន្តរជាតិក្នុងតំបន់ មន្រ្តីមកពី វិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព និងមន្រ្តីស្ថានទូតអាមេរិកនៅកម្ពុជា។

គោលបំណងនៃសិក្ខាសាលាគឺ ស្វែងយល់ពីគំនិត ទស្សនៈនៃអ្នកចូលរួម ដែលបង្ហាញការព្រួយបារម្ភ កំណត់ភាពប្រឈម ការគម្រាមកំហែង គំនិតអភិវឌ្ឍន៍ និងគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងអភិបាលកិច្ចអំពីអនាគតនៃទន្លេមេគង្គ។

សិក្ខាសាលាបានប្រព្រឹត្តទៅដោយបាន៖ (១) ប្រកាសជាផ្លូវការ អំពីឯកសារ ទស្សនាវដ្តី ស្តីពី ការសិក្សាយ៉ាងធំទូលាយលើមេគង្គ បោះពុម្ពលើក ទី១ លេខ១ ខែមិថុនា ឆ្នាំ២០១៩ (២) បានស្តាប់បទឧទ្ទេសនាមនៃវាគ្មឹនជុំវិញប្រធានបទ និង (៣) បានពិភាក្សា និងបូកសរុបលើចំណុចបញ្ហា និងចំណុចរួមបានពិភាក្សា និងកំណត់ដំណោះស្រាយ យកបញ្ចូលក្នុងរបាយការណ៍បូកសរុប៕