Developed by Khmer Focus
ចុះពិនិត្យបច្ចេកទេសលើការងារជួសជុល និងថែទាំបណ្តាញស្ថានីយ Mekong-HYCOS (ថ្ងៃទី ១១ -១៩ ខែមិថុនា ឆ្នាំ២០១៩)

លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងជា​មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ ផ្នែក​គាំទ្រ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានចុះពិនិត្យបច្ចេកទេស​ជាមួយ ក្រុមការងារពីនាយកដ្ឋាន​ជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម និងអ្នកជំនាញពីលេខាធិការដ្ឋាន MRC លើការងារជួសជុល និងថែទាំបណ្តាញស្ថានីយ Mekong-HYCOS នៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ដើម្បីជួសជុល ថែទាំបណ្តាញស្ថានីយ ឱ្យមានដំណើរការបានល្អ សម្រាប់ការព្យាករណ៍ក្នុងរដូវវស្សានេះ និងណែនាំអំពីរបៀបថែទាំដល់ក្រុមការងារថ្នាក់ជាតិ និងមន្ត្រីទទួលបន្ទុក ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអ្នកកត់ត្រាកម្ពស់ទឹកតាមស្ថានីយ។

ជាលទ្ធផលនៃបេសកកម្មការងារ សម្រេចបាន៖

- ពិនិត្យបញ្ហាប្រតិបត្តិការ និងស្ថានភាពឧបករណ៍ សម្រាប់ការជួសជុល ថែទាំ និងដំណើរការឡើងវិញ

- ទាញយកទិន្នន័យចាស់ៗ ពីឧបករណ៍

- ផ្លាស់ប្តូរឧបករណ៍ រួមមាន អាគុយ Sensor បំពាក់ខ្សែតភ្ជាប់ទៅស្ថានីយ លាងសម្អាតឧបរណ៍វាស់កម្ពស់ទឹក និងទឹកភ្លៀង

- បញ្ចូលកម្មវិធីថ្មីសម្រាប់ឧបករណ៍ និង ធ្វើតេស្តឧបករណ៍ មុននឹងដំណើរការកត់ត្រា និងបញ្ជូនទិន្នន័យទៅលេខាធិការដ្ឋាន MRC

- សម្អាតតំបន់បម្រើឱ្យបណ្តាញស្ថានីយ ដើម្បីកុំឱ្យមានការរាំងស្ទះដល់ការងារ មើលថែទាំ និងដំណើរការកត់ត្រារបស់ឧបករណ៍

- មន្ត្រីជំនាញពីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ មន្ត្រីជំនាញទទួលបន្ទុកពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅ អ្នកកត់ត្រាកម្ពស់ទឹក តាមស្ថានីយ បានសហការគ្នាបំពេញការងារ និងរៀនសូត្រ ពីការងារ ដោយមានការណែនាំពីអ្នកជំនាញ៕