វៀតណាម៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា រួមមានតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការរៀបចំគម្រោងបន្ស៊ាំឆ្លងដែន ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួងនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ទាំងបួនគឺ កម្ពុជា ឡាវ ថៃ និងវៀតណាម មន្ត្រី និងជំនាញការអន្តរជាតិ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំគឺ៖
១. ជម្រាបជូន និងរាយការណ៍អំពីវឌ្ឍនភាព នៃសកម្មភាពការរៀបចំគម្រោងបន្ស៊ាំឆ្លងដែន
២. ពិភាក្សា និងផ្តល់យោបល់លើបញ្ជីគម្រោងបន្ស៊ាំឆ្លងដែន ដែលមានសក្តានុពល និងកិច្ចសហការនៃបណ្តាប្រទេសជាសមាជិក ក្នុងការអនុវត្តគម្រោងនីមួយៗ
៣. ពិភាក្សា និងផ្តល់យោបល់លើការរៀបចំសំណើគម្រោងសង្ខេប សម្រាប់គម្រោងនីមួយៗ និង
៤. ពិភាក្សា និងឯកភាពលើកិច្ចការបន្ត ដើម្បីឈានទៅបញ្ចប់សកម្មភាពនេះ៕