Developed by Khmer Focus
សិក្ខាសាលាថ្នាក់តំបន់ស្តីពី ឧបករណ៍វាយតម្លៃនិរន្តរភាពវារីអគ្គិសនីដោយរហ័ស (RSAT) ក្នុងអាងទន្លេមេគង្គ (ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០)

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសកម្ពុជា ដឹកនាំ​ដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជា​ប្រធានក្រុមការងារគណៈកម្មការរួម នៃ​គណៈ​កម្មការទន្លេមេគង្គ ទទួលខុសត្រូវការ​អនុវត្តនីតិវិធី​ស្ដីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង របស់កម្ពុជា និងមានសមាជិកចូលរួមគឺលោក ជា ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល លោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ទុន ច័ន្ទជីវ័ន មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរូមសិក្ខាសាលាថ្នាក់តំបន់ តាមរយៈ VDO Conference ស្តីពី ឧបករណ៍វាយតម្លៃនិរន្តរភាពវារីអគ្គិសនីដោយរហ័ស (RSAT) ក្នុងអាងទន្លេមេគង្គ ក្រោមអធិបតីភាពលោក Bountien Sanaxonh ប្រធានផ្នែកផែនការ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងចូលរួមដោយក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីបច្ចេកទេសពាក់ព័ន្ធរបស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ តំណាងធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។

សិក្ខាសាលាមានគោលបំណង៖

១. បង្ហាញជូន និងរំលឹកឡើងវិញដល់ប្រទេសជាសមាជិកអំពី តម្លៃនៃ RSAT និងលទ្ធភាពដ៏ទូលំទូលាយក្នុងការប្រើប្រាស់ RSAT ក្នុងក្របខណ្ឌមេគង្គក្នុងឆ្នាំ២០២០ និងក្នុងរយៈពេលបន្តបន្ទាប់ទៀត

២. គូសបញ្ជាក់នូវប្រធានបទនៃ RSAT និងធនធានពាក់ព័ន្ធដែលមានស្រាប់ រួមទាំងបណ្តាញការងារនៃអ្នកសម្របសម្រួលដែលបានបណ្តុះបណ្តាល និងគម្រោងសាកល្បងថ្នាក់តំបន់នាពេលកន្លងមក

៣. ពិភាក្សា និងសិក្សាអំពីការប្រើប្រាស់ជាក់លាក់នូវ RSAT ក្នុងក្របខណ្ឌមេគង្គ ដែលអាចកើតមាន

៤. អនុញ្ញាតឱ្យប្រទេសជាសមាជិក ធ្វើការចាត់តាំងនូវអ្នកដឹកនាំជាក់លាក់ក្នុងការប្រើប្រាស់ RSAT ក្នុងកម្រិតជាតិ ឬឆ្លងដែន និង

៥. គូសបញ្ជាក់ពីវិសាលភាព និងគោលបំណងនៃការប្រើប្រាស់ RSAT។

លទ្ធផលរំពឹងទុករបស់អង្គសិក្ខាសាលាគឺ៖ (១) ការយល់ដឹងអំពីអត្ថប្រយោជន៍ដ៏មានសារសំខាន់នៃការប្រើប្រាស់ RSAT ភាពទន់ភ្លន់ និងធនធានរបស់វា ត្រូវបានលើកកម្ពស់ និង (២) មានភាពច្បាស់លាស់អំពីកិច្ចការបន្ត នៅក្នុងប្រទេសជាសមាជិកនីមួយៗ ក្នុងការប្រើប្រាស់ RSAT ក្នុងកម្រិតជាតិ ឬកម្រិតអនុអាងទន្លេឆ្លងដែន និងវិសាលភាព/គោលបំណង នៃការប្រើប្រាស់ RSAT នេះ៕