Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុឆ្លងដែន (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០)

កំពង់ធំ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​ជាតិស្តីពី ការរៀបចំគម្រោងបន្ស៊ាំនឹងការប្រែ​ប្រួល​អាកាសធាតុឆ្លងដែន ក្នុងក្របខណ្ឌ​គណៈកម្មការទន្លេមេគង្គ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងឯកភាពគ្នានៅកម្រិតជាតិ លើសេចក្តីព្រាងសំណើគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុឆ្លងដែន ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ចំនួន០៤គម្រោងគឺ៖

គម្រោងទី១, ការរួមបញ្ចូលគ្នានូវការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ជាមួយនឹងការជូនដំណឹងជាមុន សម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម (Integrating Flood and Drought Management and Early Warning for Climate Change Adaptation in the LMB)

គម្រោងទី២, ប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក ទឹកជំនន់ និងការគ្រប់គ្រងភាពរាំងស្ងួត ដើម្បីធានានូវសន្តិសុខទឹកក្នុងតំបន់ដីសណ្តរមេគង្គ ក្រោមលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្ពស់នីវ៉ូសមុទ្រ (Water use efficiency, flood, and drought management to ensure water security in the Mekong Delta under climate change and sea level rise conditions)

គម្រោងទី៣, ការអនុវត្តកសិកម្មប្រកបដោយភាពធន់នឹងអាកាសធាតុ ការពង្រឹងការបន្ស៊ាំក្នុងវិស័យកសិកម្ម ក្នុងអាងទន្លេមេគង្គក្រោម (Climate Resilient Agricultural Practices: Strengthen Adaptation in the Agricultural Sector in the LMB) និង

គម្រោងទី៤, ការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងការគ្រប់គ្រងទឹកឆ្លងដែន ការរួមបញ្ចូលគ្នានូវការគ្រប់គ្រងអាងស្តុកទឹក រួមទាំងអាងស្តុកទឹកនៃទំនប់វារីអគ្គិសនី ទៅក្នុងយុទ្ធសាស្រ្តការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងផ្ទៃរងទឹកភ្លៀងនៃតំបន់ 3S (Improving transboundary water governance and management: Integration of reservoir management, including hydropower reservoir into climate change adaptation strategy in 3S catchments)៕