Developed by Khmer Focus
ជួបពិភាក្សាអំពី ចក្ខុវិស័យមេគង្គ ៣.០ របស់ធនាគារពិភពលោក ជាមួយមន្រ្តីធនាគារពិភពលោក (ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ ឯកឧត្តម សូ សុភ័ទ្ទ អគ្គ​លេខា​ធិការ ឯកឧត្តម វ៉ាត់ បុត្តកុសល និង​ឯក​ឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការ​រង លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង និង​លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ជួប​ពិភាក្សា​តាម​រយៈ Video Conference អំពី ចក្ខុវិស័យមេគង្គ៣.០ របស់ធនាគារពិភពលោក ជាមួយមន្រ្តីធនាគារពិភពលោក រួមមាន លោក ចាន់ វីរៈ លោកស្រី Shelley Mcmillan អ្នកឯកទេសគ្រប់គ្រងធនធានទឹកជាន់ខ្ពស់ និងលោកស្រី Klomjit Chandrapanya អ្នកឯកទេស សហប្រតិបត្តិការមេគង្គ។

ចក្ខុវិស័យមេគង្គ ៣.០ របស់ធនាគារពិភពលោក គឺជាជំនួយតំណាក់កាលទី៣ របស់ធនាគារពិភពលោក ដែលបានបន្តពីលើកទី១ កាលពីឆ្នាំ ១៩៩៨-២០០៨ និងលើកទី២ ២០០៨-២០១៨ និងលើកទី៣នេះ ពីឆ្នាំ២០២០ តទៅ ដែលមានគោលបំណងជំរុញការយល់ដឹងរួមគ្នា សម្រាប់ការប្រើប្រាស់ធនធានអាងទន្លេមេគង្គ ឱ្យកាន់តែប្រសើរឡើង និងកំណត់ទិសដៅថ្មី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។

ចក្ខុវិស័យទន្លេមេគង្គ ៣.០ ត្រូវបានរៀបចំឡើងដើម្បី (១) ការយល់ដឹងពីទន្លេមេគង្គ (២) ការឱ្យតម្លៃទៅលើទន្លេមេគង្គ និង (៣) ការគ្រប់គ្រងទន្លេមេគង្គ។ ឯកឧត្តម តែ ណាវុធ បានសំដែង ការអបអរសារទរ និងគាំទ្រសម្រាប់ចក្ខុវិស័យទន្លេមេគង្គ ៣.០ របស់ធនាគារពិភពលោក និងបានស្នើសុំធនាគារពិភពលោកអនុវត្តន៍ដោយបន្តជំនួយគាំទ្រដល់គណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិក ក្នុងផែនការវិនិយោគធនធានទឹក ដូចជាសំណង់ហេដ្ឋារចនាសម្ព័ន្ធទឹកគាំទ្រកសិកម្មស្រោចស្រព ការពារទប់ស្កាត់ទឹកជំនន់ និងគ្រោះរាំងស្ងួត និងរំហូរទឹកចូលទៅក្នុងទន្លេសាប ដែលប្រទេសកម្ពុជាបានកំពុងជួបប្រទះ៕