Developed by Khmer Focus
ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង និង​លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបតិ្តការអន្ដរជាតិ នៃ​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូលរួម​ពិធី​ផ្សព្វផ្សាយ​របាយការណ៍វឌ្ឍនភាព​ឆ្នាំ២០១៩ នៃ​ការ​សម្រេចបានគោលដៅអភិវឌ្ឍ​ប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអង្គការមួយចំនួន។

គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ មានគោលដៅចំនួន ១៨ ចំណុចដៅចំនួន៨៨ និងសូចនាករចំនួន១៤៨ ដែលទទួលការឯកភាពពីគណៈរដ្ឋមន្រ្តី កាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ កម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ ដែលតម្រូវឱ្យក្រសួង-ស្ថាប័ន ផ្តល់របាយការណ៍វឌ្ឍនភាព ហើយបានបញ្ចូនទៅអង្គការសហប្រជាជាតិ នៅខែកក្កដា ឆ្នាំ២០១៩ ដែលទទួលបានលទ្ធផលល្អប្រសើរ។

ពាក់ព័ន្ធការផ្តល់របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នេះ ក៏មានកិច្ចប្រជុំកម្រិតបច្ចេកទេស នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ និងកិច្ចប្រជុំកម្រិតនយោបាយ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងផ្តល់ការឯកភាព។

របាយការណ៍វឌ្ឍនភាពនេះ មានចំនួន ៦ជំពូក ក្នុងនោះវឌ្ឍនភាពតាមសូចនាករ និងចំណុចដៅ ក្នុងគោលដៅនីមួយៗ មានដូចខាងក្រោម៖

   - ៣១,៨២% សម្រេចលើសចំណុចដៅ

   - ៣១,៨២% ស្ថិតលើគន្លងទៅសម្រេចបានចំណុចដៅ 

   - ១៥,៩១% សម្រេចបានទាបជាងចំណុចដៅ

   - ២០,៤៥% នៃសូចនាករ គ្មានទិន្នន័យ។

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្នើឱ្យដាក់បញ្ចូលចំណុចដៅ ៦.៥ ផងដែរ ក្នុងនោះមានសូចនាករ៖

   - ៦.៥.១ ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកចម្រុះ ដែលទទួលបន្ទុកដោយ ក្រសួងធនធាទឹក និងឧតុនិយម

   - ៦.៥.២ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងទឹកឆ្លងដែន ក្នុងតំបន់ ជាមួយប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម ការងារនេះទទួលបន្ទុកដោយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ ក្រសួងផែនការបានទទួលការយល់ព្រម និងរៀបចំដាក់បញ្ចូល ចាប់ពីឆ្នាំ២០២០ តទៅ៕