Developed by Khmer Focus
សន្និសីទស្តីពីការអភិវឌ្ឍដោយចីរភាព និងអនាគតនៃអនុតំបន់ទន្លេមេគង្គ (ថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ចូលរួម សន្និសីទស្តីពី ការអភិវឌ្ឍដោយចីរភាព និងអនាគតនៃអនុតំបន់ទន្លេមេគង្គ ដែល​សហការរៀបចំដោយ វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) និងក្រសួងការបរទេសសហរដ្ឋអាមេរិក។ សន្និសីទ​នេះ រៀបចំបែបវីដែអូ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមរាជទូត ពូ សុធារក្ស អគ្គលេខាធិការ CICP សហការសម្របបសម្រួល ដោយមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក មានការចូលួមពីមន្តី្រ CICP សិក្ខាកាមតាមអនឡាន ក្នុងប្រទេស និងក្រៅប្រទេស និងវាគ្មឹនមកពីវិទ្យាស្ថានស្រាវជ្រាវជាតិ និងអន្តរជាតិ ស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល រួមទាំងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ និងស្វាគមន៍  ជាមួយនិងប្រសាសន៍ថ្លែងបើកសន្និសីទរបស់ឯកឧត្តមរាជទូត ពូ សុធារក្ស អគ្គលេខាធិការ CICP។ សន្និសីទចែកជា ៤វគ្គ ដែលវគ្គនីមួយៗមានបទបង្ហាញពីវាគ្មឹន និងមានការពិភាក្សា ការឆ្លើយបំភ្លឺសំណួរពីសិក្ខាកាម។ វគ្គទី១ ស្តីពី ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក នៅក្នុងស្ថាប័ន ដែលមានការប្រជែងគ្នា វគ្គទី ២ ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ក្នុងបរិបទអភិវឌ្ឍន៍ប្រកបដោយចីរភាព វគ្គទី៣ ស្តីពី អនាគតនៃទន្លេមេគង្គ និងវគ្គទី៤ ស្តីពី បញ្ហាសន្តិសុខមនុស្ស នៅក្នុងបរិបទមេគង្គ ថាមពល ទឹក និងបរិស្ថាន។ ឯកឧត្តម វ៉ាត់ បុត្តកុសល បានចូលរួមជាវាគ្មឹនក្នុងវគ្គទី២ ដោយបានចូលរួមធ្វើបទបង្ហាញរយៈពេល១៥នាទី ស្តីពី អភិបាលកិច្ចទឹកទន្លេឆ្លងដែន និងប្រសិទ្ធភាពជំនួយរបស់ដៃគូអភិវឌ្ឍន៍ ដោយយកករណីសិក្សាអាងទន្លេសេសាន និងស្រែពក។ រាល់ឯកសារ បទបង្ហាញ មតិយោបល់ពិភាក្សាក្នុងសន្និសីទ នឹងត្រូវដាក់បញ្ចូលជារបាយការណ៍របស់សន្និសីទ៕