Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ស្តីពី សំណើគម្រោងវារីអគ្គិសនី សាណាខាំ (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ស្ដីពី សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP) របស់ឡាវ ដោយមានការចូលរួមពីមន្ត្រីតំណាក្រសួងពាក់ព័ន្ធសំខាន់ៗ (ថ្នាក់បច្ចេកទេស និងគ្រប់គ្រង) តំណាងមន្ទីរ​ពាក់ព័ន្ធសំខាន់ៗ នៃបណ្តាខេត្តពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធសំខាន់ៗ តំណាងគ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធសំខាន់ៗ តំណាងសហគមន៍មូលដ្ឋានពាក់ព័ន្ធសំខាន់ៗ មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងតំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS)។

គោលបំណងនៃកិច្ចប្រជុំគឺ៖

- លើកកម្ពស់ការយល់ដឹងអំពី កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ នីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA) ដំណើរការពិគ្រោះយោបល់ជាមុន (PC Process) និងវឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ន នៃដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP

- ផ្តល់ការយល់ដឹងអំពី ទិដ្ឋភាពទូទៅ នៃ SNHPP និង

- សិក្សា ពិនិត្យឡើងវិញលើសេចក្តីព្រាងទី១ នៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញ លើសំណុំឯកសារ និងសំណើគម្រោង SNHPP (1st draft TRR) និងប្រមូលផ្តុំនូវមតិយោបល់ និងអនុសាសន៍នានា។

រីឯលទ្ធផលរំពឹងទុកសំខាន់នៃកិច្ចប្រជុំគឺ ការប្រមូលផ្តុំនូវមតិយោបល់ និងអនុសាសន៍ជំហានទី១ នៅថ្នាក់ជាតិ ដើម្បីជូនជ្រាបដល់ MRC ក៏ដូចជាប្រទេសម្ចាស់គម្រោង និងអ្នកវិនិយោគគម្រោង និងដើម្បីចូលរួមចំណែកដល់ការកែលម្អគុណភាពនៃ 1st draft TRR ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការចូលរួមចំណែកជាបន្តបន្ទាប់នៅក្នុងដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់ SNHPP៕