Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សំណើបទបញ្ញត្តិ សម្រាប់ការធ្វើចំណាត់ថ្នាក់ផ្លូវទឹកក្នុងអាងទន្លេមេគង្គភាគខាងក្រោម (ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ តាមប្រព័ន្ធវីដេអូ ស្តីពី សំណើបទបញ្ញត្តិ សម្រាប់ការធ្វើចំណាត់ថ្នាក់ផ្លូវទឹកទន្លេ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីឯកឧត្តមទីប្រឹក្សា មន្ត្រីតំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំ និងសម្របសម្រួលដោយមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងមានការចូលរួមពីក្រុមការងារជាតិ ជំនាញការជាតិប្រទេសកម្ពុជា និងប្រទេសវៀតណាម មន្រ្តីលេខាធិការដ្ឋាន MRC និងជំនាញការអន្តរជាតិ។ កិច្ចប្រជុំ បានស្តាប់បទបង្ហាញអំពីផែនការមេលើការដឹកជញ្ជូន និងនាវាចរណ៍ផ្លូវទឹក ដែលគណៈកម្មាធិការរួម MRC បានអនុម័តពីឆ្នាំ២០១៦ នឹងកំពុងធ្វើបច្ចុប្បន្នភាពឆ្នាំ២០២០ តាមសំណើរបស់ប្រទេសឡាវ និងបានស្តាប់បទបង្ហាញអំពីរបាយការណ៍របស់ប្រទេសកម្ពុជា និងវៀតណាមស្តីពី របាយការណ៍លទ្ធផលសិក្សាអំពីបទដ្ឋានរួមលើការកំណត់ទំហំការដឹកជញ្ជូន និងចំណាត់ថ្នាក់ផ្លូវទឹកនោះក្នុងប្រទេស។

ជាលទ្ធផល កិច្ចប្រជុំ បានពិភាក្សាអំពីឯកសាររបាយការណ៍សិក្សារបស់ប្រទេស ដែលមានការប្រទាក់គ្នាស្របតាមវិធាន និងបទបញ្ញត្តិដែលបានឯកភាព ឈរលើបច្ចេកទេសលក្ខណៈរបស់ទន្លេ មានប្រយោជន៍ចំពោះសង្គម សេដ្ឋកិច្ច និងបរិស្ថាន ក្នុងការធ្វើចំណាត់ថ្នាក់ផ្លូវទឹក និងកំណត់ទំហំដឹកជញ្ជូន ដែលត្រូវបានរៀបចំសម្រាប់ប្រទេសកម្ពុជា និងវៀតណាម ជាពិសេសបម្រើដល់ការអនុវត្តកិច្ចព្រមព្រៀង១៩៩៥ មាត្រាទី៩ និងកិច្ចព្រមព្រៀងកម្ពុជា និងវៀតណាម ២០០៩ ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក បានកាន់តែមានប្រសិទ្ធភាព៕