Developed by Khmer Focus
សិក្ខាសាលាកសាងសមត្ថភាពស្តីពី ការបញ្ជ្រាបផែនការយុទ្ធសាស្រ្ត និងសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ចំនួនពីរ តាមរយៈ videoconference គឺ៖ (១) សិក្ខាសាលាកសាងសមត្ថភាពស្តីពី ការបញ្ជ្រាបផែនការយុទ្ធសាស្រ្ត និងសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (MASAP) សម្រាប់ការរៀបចំផែនការបន្ស៊ាំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ និង (២) កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការវាយតម្លៃភាពខ្វះចន្លោះនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងផែនការការងារ ធ្វើយ៉ាងណាឱ្យគណៈកម្មការទន្លេមេគង្គត្រូវបានការទទួលស្គាល់ដោយស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំទាំងពីរបានប្រព្រឹត្តទៅក្រោមអធិបតីភាព និងដឹកនាំការពិភាក្សាដោយលោក Bounttien Sanaxonh ប្រធាននាយកដ្ឋានផែនការ នៃ MRCS និងដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន តំណាង GIZ ទីប្រឹក្សាបច្ចេកទេសអន្តរជាតិ និងមន្រ្តី MRCS។

គោលបំណងនៃសិក្ខាសាលាកសាងសមត្ថភាពស្តីពី ការបញ្ជ្រាបផែនការយុទ្ធសាស្រ្ត និងសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (MASAP) សម្រាប់ការរៀបចំផែនការបន្ស៊ាំគឺ៖

១. ផ្តល់ការកសាងសមត្ថភាពអំពី ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងការបញ្ជ្រាប MASAP ទៅក្នុងសកម្មភាពនៅកម្រិតជាតិ

២. ចែករំលែកព័ត៌មានស្តីពី ការបញ្ជ្រាប MASAP ទៅក្នុងសកម្មភាពនៅកម្រិតជាតិ និងកម្រិតតំបន់ និងបទពិសោធន៍ជាមេរៀនដែលទទួលបាន និង

៣. ប្រមូលមតិយោបល់ស្តីពី ការបញ្ជ្រាប MASAP លើប្រតិបត្តិការនៃការរួមចំណែករបស់ថ្នាក់ជាតិ ដើម្បីអនុវត្តន៍អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC) នៅកម្រិតជាតិ។

គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការវាយតម្លៃភាពខ្វះចន្លោះ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងផែនការការងារ ធ្វើយ៉ាងណាឱ្យគណៈកម្មការទន្លេមេគង្គត្រូវបានការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុគឺ៖

១. ពិភាក្សាអំពីដំណើរការធ្វើយ៉ាងណាឱ្យអាចទទួលបាននូវសិទ្ធិស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ និងលក្ខណៈវិនិច្ឆ័យរបស់គណៈកម្មការទន្លេមេគង្គ ក្នុងការដែលអាចក្លាយទៅជាស្ថាប័នមានសិទ្ធិស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ

២. បង្ហាញជូនជ្រាប និងប្រមូលមតិយោបល់ទាក់ទងនឹងភាពខ្វះចន្លោះរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ធៀបទៅនឹងលក្ខណៈវិនិច្ឆ័យដែលមូលនិធិអាកាសធាតុតម្រូវឱ្យមាន និង

៣. ពិភាក្សាលើសេចក្តីព្រាងផែនការការងារដែលបានស្នើ សម្រាប់ធ្វើយ៉ាងណាឱ្យគណៈកម្មការទន្លេមេគង្គក្លាយជាស្ថាប័នថ្នាក់តំបន់ ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ។

អង្គសិក្ខាសាលា និងអង្គប្រជុំ បានស្តាប់ ពិភាក្សា និងផ្តល់យោបល់លើរបៀបវារៈដូចតទៅ៖

សិក្ខាសាលាកសាងសមត្ថភាពស្តីពី ការបញ្ជ្រាបផែនការយុទ្ធសាស្រ្ត និងសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (MASAP) សម្រាប់ការរៀបចំផែនការបន្ស៊ាំ មានរបៀបវារៈចំនួន០៦គឺ៖

១. សញ្ញាណទូទៅនៃ MASAP  ទិដ្ឋភាពទូទៅនៃការបញ្ជ្រាប MASAP នៅថ្នាក់ជាតិ

២. ការធ្វើឱ្យមានលក្ខណៈតំបន់ (Regionalization) នូវបណ្តាវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងគោលនយោបាយ ផែនការ និងកម្មវិធីនៅថ្នាក់ជាតិ

៣. ការកំណត់អាទិភាពនៃឧបករណ៍/តារាងសម្រាប់ការបញ្ជ្រាប

៤. ការបញ្ជ្រាប MASAP នៅកម្រិតជាតិ លទ្ធផល និងបទពិសោធន៍បឋម

៥. ការបញ្ជ្រាប MASAP ទៅក្នុងយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍអាងទន្លេ ផែនការសកម្មភាពផ្អែកលើគម្រោងស្តីពី យុទ្ធសាស្រ្តគ្រប់គ្រងជលផលក្នុងទូទាំងអាងទន្លេ (PBAP) និងយុទ្ធសាស្រ្តគ្រប់គ្រង និងកាត់បន្ថយទឹកជំនន់ (FMMS) និង

៦. សញ្ញាណទូទៅនៃ NDC ការបញ្ជ្រាប MASAP ទៅក្នុងការអនុវត្ត NDC និងការផ្តល់មតិយោបល់លើការប្រាស្រ័យទាក់ទងស្តីពី ការបន្ស៊ាំ (Adaptation Communication)។

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការវាយតម្លៃភាពខ្វះចន្លោះនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងផែនការការងារធ្វើយ៉ាងណាឱ្យគណៈកម្មការទន្លេមេគង្គត្រូវបានការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ មានរបៀបវារៈចំនួន០៤គឺ៖

១. ទិដ្ឋភាពទូទៅនៃមូលនិធិអាកាសធាតុ និងកាលានុវត្តភាពរបស់គណៈកម្មការទន្លេមេគង្គ (MRC)

២. ផែនទីវិថីសម្រាប់ដំណើរការធ្វើយ៉ាងណាឱ្យ MRC ទទួលបាននូវសិទ្ធិស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ និងលក្ខណៈវិនិច្ឆ័យរបស់ MRC ក្នុងការក្លាយទៅជាស្ថាប័នថ្នាក់តំបន់មួយ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ

៣. លទ្ធផលនៃការវាយតម្លៃភាពខ្វះចន្លោះរបស់លេខាធិការដ្ឋាន MRC ធៀបទៅនឹងលក្ខណៈវិនិច្ឆ័យដែលមូលនិធិអាកាសធាតុតម្រូវឱ្យមាន និងអនុសាសន៍ និង

៤. សេចក្តីព្រាងផែនការការងារដែលបានស្នើ សម្រាប់ធ្វើយ៉ាងណាឱ្យ MRC ក្លាយទៅជាស្ថាប័នថ្នាក់តំបន់ ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ៕