កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ២០១៥)
Category: MRC Joint Committee
(MRC-JC)
ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់ គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (MRC-JC) នៅលេខាធិការដ្ឋានរបស់ខ្លួនប្រចាំរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម តែ ណាវុធ ប្រធានប្តូរវេនគណៈកម្មាធិការរួម MRC-JC ប្រចាំឆ្នាំ២០១៤-២០១៥។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីប្រតិភូសមាជិកគណៈកម្មាធិការរួមនៃបណ្តាប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC សរុបចំនួន ៣៨រូប។
កិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការរួមនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖
- វឌ្ឍនភាពនៃការកែទម្រង់រចនាសម្ព័ន្ធរបស់លេខាធិការដ្ឋាន MRC
- រូបមន្តនៃការបង់វិភាគទានរបស់ប្រទេសជាសមាជិក MRC
- ការប្តូរវេននាយកប្រតិបត្តិលេខាធិការដ្ឋាន MRC
- ការពិនិត្យមើលឡើងវិញលើបទបញ្ជាផ្ទៃក្នុង របស់គណៈកម្មាធិការរួម និងក្រុមប្រឹក្សារបស់ MRC
- របាយការណ៍វឌ្ឍនភាពនៃការបន្ស៊ីគ្នារវាង ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ ផែនការយុទ្ធសាស្ត្រ MRC ឆ្នាំ ២០១៦-២០២០ មុខងារគ្រប់គ្រងអាងទន្លេ និងរចនាសម្ព័ន្ធរបស់លេខាធិការដ្ឋាន MRC
- ការបន្តអនុស្សារណៈយោគយល់គ្នារវាង MRC និងគណៈកម្មការទន្លេ Mississippi របស់សហរដ្ឋអាមេរិក
- កុងត្រាសម្រាប់បុគ្គលិករបស់លេខាធិការដ្ឋាន MRC និង
- ការត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការរួម MRC-JC នៅប្រទេសកម្ពុជា នាខែឧសភា ឆ្នាំ២០១៥៕