Developed by Khmer Focus

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ​លើក​ទី ២២ និង​កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​ជា​មួយ​ក្រុម​ប្រទេស​ដៃ​គូ​អភិវឌ្ឍន៍​លើក​ទី ២០ (ថ្ងៃ​ទី ១៣-​១៤ ខែ​មករា ឆ្នាំ​២០១៦)

(MRC-Council)

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា គណៈ​កម្មការ​ទន្លេ​មេគង្គ​លើក​ទី ២២ (22nd MRC Council Meeting) និង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ជា​មួយ​ក្រុម​ប្រទេស​ដៃ​គូ​អភិវឌ្ឍន៍​លើក​ទី ២០ (20th Development Partner Consultative Group Meeting) នៅ​សណ្ឋាគារ អ៊ីនធើខន​ធីណិនថល ភ្នំពេញ។

កិច្ចប្រជុំ​ទាំង​ពីរ​នេះ​ដឹក​នាំ​ដោយ​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដែល​ត្រូវ​វេន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ​អណត្តិ​ឆ្នាំ២០១៥-​២០១៦។ កិច្ចប្រជុំនេះ​ចូល​រួម​ដោយ​គណៈ​ប្រតិភូ នៃ​ប្រទេស​ជា​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ (កម្ពុជា ឡាវ ថៃ និង​វៀតណាម) ដឹក​នាំ​ដោយ​ថ្នាក់​រដ្ឋ​មន្ត្រី នៃ​ក្រសួង​ធន​ធាន​ទឹក ក្រសួង​ធន​ធាន​ធម្ម​ជាតិ និង​បរិស្ថាន និង​បណ្តា​ក្រុម​ប្រទេស​ជា​ដៃ​គូ​អភិវឌ្ឍន៍ អង្គការ​ជា​ដៃ​គូ​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរ​ជាតិ ប្រទេស​ដៃ​គូ​​សន្ទនា (ចិន និង​មីយ៉ាន់ម៉ា) និង​មន្ត្រី​លេខា​ធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ៧០នាក់។

កិច្ចប្រជុំប្រចាំឆ្នាំនេះ នឹង​ធ្វើ​ការ​ពិនិត្យ​នូវ​វឌ្ឍន​ភាព សមិទ្ធិ​ផល​ការ​ងារ សកម្ម​ភាព​ជា​អាទិ​ភាព និង​បញ្ហា​ប្រឈម​នានា ក៏​ដូច​ជា​ធ្វើ​ការ​ពិភាក្សា ដើម្បី​អនុម័ត​នូវ​ឯកសារ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចាំ​បាច់​សម្រាប់​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​សេចក្តី​ថ្លែង​ការណ៍​របស់​កិច្ច​ប្រជុំ​កំពូល នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ស្តី​ពី ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​ធន​ធាន​ទឹក និង​ធន​ធាន​ពាក់​ព័ន្ធ​ដទៃ​ទៀត ក្នុង​អាង​ទន្លេ​មេគង្គ ប្រកប​ដោយ​និរន្តរ​ភាព។

កិច្ចប្រជុំទាំងពីរនេះ នឹង​ធ្វើ​ការ​ពិភាក្សា និង​អនុម័ត​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា៖

  • ការអនុម័ត​លើ​បច្ចុប្បន្ន​ភាព នៃ​ការ​បង់​ថវិកា​ភាគ​ទាន ពី​ប្រទេស​ជា​សមា​ជិក ដល់ MRC
  • ការអនុម័ត​លើ​បច្ចុប្បន្ន​ភាព នៃ​ឯក​សារ​បទ​បញ្ជា​ផ្ទៃ​ក្នុង (Rules of Procedures) របស់​​គណៈ​កម្មការ​រួម និង​របស់​ក្រុម​ប្រឹក្សា នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ
  • ការអនុម័ត​លើ​រចនា​សម្ព័ន្ធ​ថ្មី នៃ​លេខា​ធិការ​ដ្ឋាន MRC
  • ពិភាក្សា និង​អនុម័ត​ឯកសារ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ (Basin Development Strategy) ឆ្នាំ​២០១៦-​២០២០ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ
  • ពិភាក្សា និង​អនុម័ត​ឯកសារ​ផែន​ការ​យុទ្ធសាស្ត្រ (Strategic Plan) ឆ្នាំ​២០១៦-​២០២០ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ
  • ពិនិត្យរបាយការណ៍​វឌ្ឍន​ភាព នៃ​ការ​សិក្សា​ស្តី​ពី ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ ប្រកប​ដោយ​និរន្តរ​ភាព ដោយ​គិត​ទាំង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​ទំនប់​វារីអគ្គិសនី លើ​ដង​ទន្លេ​មេ នៃ​ទន្លេ​មេគង្គ
  • ពិនិត្យរបាយការណ៍​ស្តី​ពី វឌ្ឍន​ភាព នៃ​ការ​អនុវត្ត​សកម្មភាព​វិមជ្ឈការ​មុខ​ងារ​ស្នូល របស់ MRC
  • ពិនិត្យរបាយការណ៍​ស្តី​ពី ស្ថាន​ភាព​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ ពី​ដៃ​គូ​អភិវឌ្ឍន៍។

នៅក្នុងកិច្ចប្រជុំនេះ​ផង​ដែរ មាន​ការ​ប្រារព្វ​ពិ​ធី​អប​អរ​សាទរ​ខួប​គម្រប់ ២០​ឆ្នាំ (១៩៩៥-​២០១៥) នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ ដែល​បង្កើត​គណៈ​កម្មការ​ទន្លេ​មេគង្គ (Mekong River Commission) ដោយ​មាន​ការ​ចែក​ជូន​នូវ​ទស្សនា​វដ្ដី​រូប​ភាព​ស្តី​ពី សមិទ្ធិ​ផល​ក្នុង​រយៈ​ពេល ២០​ឆ្នាំ នៃ​កិច្ច​សហ​ប្រតិបត្តិការ​កន្លង​មក៕

Hits: 5089