Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី របាយ​ការណ៍​បឋម​នៃ​លទ្ធ​ផល​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦)

Category: MRC Council Study

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី របាយ​ការណ៍​បឋម​នៃ​លទ្ធ​ផល​ការ​សិក្សា របស់​ក្រុម​ប្រឹក្សា​គណៈ​​កម្មការ​ទន្លេ​មេគង្គ នៅ​សណ្ឋាគារ​អង្គរប៉ារ៉ាឌី ខេត្ត​សៀមរាប។

សិក្ខា​សា​លា​នេះ​មាន​គោល​បំណង​ដើម្បី៖

(១) ជម្រាប​អំពី​របាយ​ការណ៍​បឋម​នៃ​លទ្ធផល​នៃ​ការ​សិក្សា​របស់ក្រុមប្រឹក្សា

(២) ស្វែងយល់បន្ថែមអំពីខ្លឹមសារនៃរបាយការណ៍តាមផ្នែក ឬវិស័យសំខាន់ៗ

(៣) ពិនិត្យ និងផ្តល់មតិយោបល់បន្ថែមលើខ្លឹមសាឯកសាររបាយការណ៍ឱ្យកាន់តែប្រសើរឡើង និង

(៤) ពិនិត្យ លើសំណើផែនការសកម្មភាពសម្រាប់តំណាក់កាលទី២ នៃការសិក្សា។

ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមនិងដឹកនាំអង្គសិក្ខាសាលានេះ។ ឯកឧត្តមមានប្រសាសន៍ថ្លែងបើកជាមួយនឹងការបញ្ជាក់បន្ថែមថា គណៈកម្មការទន្លេមេគង្គ (MRC) មានគោលបំណងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសជាសមាជិក ដូចមានចែងច្បាស់ក្នុងកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលប្រទេសជាសមាជិកទាំង៤ បានចុះហត្ថលេខា និងបន្តខិតខំអនុវត្តន៍ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃធនធានអាងទន្លេ នៅក្នុងគោលបំណងដើម្បីសម្រេចបាននូវទស្សនៈវិស័យអាងទន្លេមេគង្គ មានវិបុលភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានល្អ តាមរយៈការអនុវត្តគម្រោង កម្មវិធី ការងារសម្រាប់ផែនការយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍន៍អាងទន្លេ និងយុទ្ធសាស្រ្តអាងទន្លេរបស់ខ្លួនជាដើម។ លើសពីនេះទៀតតម្រូវការដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណើរការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃការអភិវឌ្ឍរួមរបស់អាងទន្លេមេគង្គ គឺជាអាទិភាពសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាង សម្រាប់ឆ្នាំ ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គ ដែលថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងតំបន់ទន្លេមេគង្គត្រូវបានពង្រីកកាន់តែខ្លាំង និងមានសម្ពាធធ្ងន់ធ្ងរលើទឹក និងធនធានដែលពាក់ព័ន្ធទាក់ទងដទៃទៀតក្នុងអាងទន្លេ។

ឯកឧត្តមបានរំលឹកថា ការសិក្សាស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពទន្លេមេគង្គ រួមទាំងផលប៉ះពាល់ដោយគម្រោងវារីអគ្គិសនី ឬហៅថា ការសិក្សារបស់ក្រុមប្រឹក្សា តាមរយៈការសម្រេចចិត្តរបស់ក្រុមប្រឹក្សា MRC ក្នុងកិច្ចប្រជុំលើកទី១៨ ក្នុងខែធ្នូ ឆ្នាំ២០១១ នៅខេត្តសៀមរាប "បានយល់ព្រមជាគោលការណ៍ ដើម្បីអនុវត្តន៍លទ្ធផលនៃការពិភាក្សា នៃប្រមុខរដ្ឋរបស់ប្រទេសជាសមាជិក នៅឯកិច្ចប្រជុំកំពូលលើកទី៣ មេគង្គ-ជប៉ុន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកាឆ្នាំ២០១១។

ការសិក្សានេះមានគោលបំណងសំខាន់គឺ៖

  • បង្ហាញបន្ថែមថា ការអភិវឌ្ឍមួយដែលអាចជឿទុកចិត្តបាន មានភស្តុតាងផ្អែកតាមវិទ្យាសាស្រ្តបង្ហាញពីផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមានលើបរិស្ថាន សង្គម និងសេដ្ឋកិច្ច នៃការអភិវឌ្ឍធនធានទឹក
  • ដាក់បញ្ចូលលទ្ធផលសិក្សាទៅក្នុងប្រព័ន្ធមូលដ្ឋានចំណេះដឹង របស់គណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិក ដើម្បីពង្រឹងដំណើរការកសាងផែនការអភិវឌ្ឍន៍អាងទន្លេ និង
  • លើកកម្ពស់សមត្ថភាព និងធានាឱ្យបាននូវការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាពីការសិក្សានេះ មកដល់បណ្តាប្រទេសជាសមាជិក
  • ស្វែងយល់លើខ្លឹមសារនៃរបាយការណ៍ និងកត់សម្គាល់ជាមួយនិងវឌ្ឍន៍ភាពនៃការសិក្សាកន្លងមក
  • ឯកភាពសំណើបន្តតំណាក់កាលទី២ យោងតាមការប្រើប្រាស់ក្រុមការងារដែលមានស្រាប់ ក្រុមការងារថ្មី និងតាមថវិកា ដែលគណៈកម្មការទន្លេមេគង្គមាន ជាមួយនិងអនុសាសន៍ចាំបាច់សម្រាប់រៀបចំដំណើរការសិក្សាកាន់តែមានប្រសិទ្ធភាព ក្នុងនោះការប្រមូលយក ទំហំ និងគុណភាពទិន្នន័យពីប្រទេសជាសមាជិក
  • កត់សម្គាល់បន្ថែមថា លទ្ធផលនៃការសិក្សា មានវាយតម្លៃផលប៉ះពាល់លើវារីអគ្គិសនីតាមដងទន្លេ និងតាមដៃទន្លេក្នុងអាងទន្លេមេគង្គ ការសាងសង់ ការប្រតិបត្តិនៃបណ្តាទំនប់ទាំងអស់
  • កត់សម្គាល់ថា លទ្ធផលនៃការសិក្សាសំខាន់ណាស់ ដូចតាមរយៈការផ្សព្វផ្សាយក្នុងវេទិកាសាធារណៈលើរបាយការណ៍ ការដាក់ផ្សាយឯកសារក្នុងគេហទំព័រ និងការបញ្ជូនឯកសារជូនថ្នាក់ដឹកនាំបានជ្រាប និងពិចារណា
  • ទទួលស្គាល់នូវភាពប្រឈមសំខាន់ៗដែលបានកើតមានក្នុងតំណាក់កាលទី១ និងបន្តសម្រាប់តំណាក់កាលទី២ នៃការសិក្សា រួមមានកម្រិតនៃការចែករំលែកព័ត៌មាន និងទិន្នន័យតាមវិស័យពីប្រទេសជាសមាជិក និងការយល់ស្របគ្នាលើការបញ្ចប់ឯកសារសិក្សាពីប្រទេសជាសមាជិក ដែលចាំបាច់មានការពិចារណាខ្ពស់លើដំណោះស្រាយ ដែលចាំបាច់ត្រូវមានការសម្របសម្រួលកាន់តែល្អប្រសើរ រវាងប្រទេសជាសមាជិក និងស្ថាប័នពាក់ព័ន្ធក្នុងប្រទេស និងការយល់ស្របគ្នាចាំបាច់ណាស់រវាងប្រទេសជាសមាជិក
  • បង្ហាញពីការព្រួយបារម្ភខ្លាំង សម្រាប់លទ្ធផលនៃការសិក្សានេះ ក៏ដូចគ្នានិងលទ្ធផលនៃការអនុវត្ត PNPCA ដែលមានឥទ្ធិពលលើកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការទន្លេមេគង្គ
  • ឯកភាពលើកសំណើសុំមូលដ្ឋានទិន្នន័យដែលការសិក្សាមាន បញ្ជូនមកប្រទេសជាបណ្តើរៗ ដើម្បីដាក់ក្នុងប្រព័ន្ធទិន្នន័យក្នុងប្រទេសតាមតម្រូវការរបស់ប្រទេស៕

Hits: 1026